តោះមកយល់ដឹង ពី​របៀប​លួច​លក់បេតុង​លាយ​ស្រាប់ និង​វិធីសាស្ត្រ​ទប់ស្កាត់

0
4464
Image source: Google

សម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងខាងក្រុមហ៊ុនលក់បេតុងលាយ​ស្រាប់ ដែលទើបង្កើតថ្មី អាចមកយល់ដឹងពីវិធីសាស្ត្រដែលបុគ្គលិកប្រើក្នុងការលួចលក់បេតុងលាយស្រាប់ និង វិធីសាស្ត្រទប់ស្កាត់ដូចខាងក្រោមនេះ៖

រឿងនេះ កើតឡើងនៅពេល បុគ្គលិកម្នាក់ត្រូវបានក្រុមហ៊ុនអោយដើរលក់ផង និងប្រមូលលុយពីអតិថិជនផង នឹងត្រូវគ្នាជាមួយអ្នកបើកឡានក្រឡុកបេតុងផងដែរ ជាហេតុដែលធ្វើអោយមានភាពងាយស្រួលក្នុងការកេងប្រវញ្ច័ និងចេញវិក័យបត្រដោយខ្លួនឯងបាន ជាពិសេសនៅទី​ជន​បទ និង​ប្រជុំជន ដែលមិនទាមទារត្រូវការវិក័យបត្រដែល​មា​ន letter head ច្បាស់លាស់ពី​ក្រុមហ៊ុន។

របៀបលួចលក់របស់បុគ្គលិក
គេមានបក្សពួក​របស់​គេ​ម្នាក់ ដែលត្រូវគ្នាជាមួយផ្នែកលក់របស់ក្រុមហ៊ុន ឬអ្នកបើកឡានក្រឡុក ដើរសួររកអ្នកត្រូវការចាក់បេតុង។ ពេលមានតម្រូវការចាក់ គាត់លួចចាក់អោយអតិថិជនរបស់គាត់ មុនឬក្រោយពេលគាត់ចាក់បេតុងលាយស្រាប់អោយអតិថិជនរបស់ក្រុមហ៊ុននៅពេល​ចេញ​ឡាន​លាយបេតុង​ម្តងៗ។

ផ្នែកលក់ខាងក្រៅ ត្រូវគ្នាជាមួយផ្នែកមេជាងរបស់ម្ចាស់ផ្ទះ/ម្ចាស់ការដ្ឋានដែល​ត្រូវ​ចាក់បេតុង។ អ្នកទាំងពីរអាចត្រូវគ្នា រួចប្រាប់ម្ចាស់ផ្ទះ អោយចាក់ក្នុងចំនួនលើសពីតម្រូវការរបស់គាត់។ ឧទាហរណ៍ ផ្ទះគាត់ត្រូវការតែ ៩ គូបរបស់បេតុង តែអ្នកម៉ៅការប្រាប់ថា ១០ គូប។ រួចខាងក្រុមហ៊ុន ចាក់តែ៩ គូប តែយកលុយពីម្ចាស់ផ្ទះ ១០គូប ដោយចំនេញ ១ គូប ហើយចែកលុយគ្នារវាងអ្នកលក់ខាងក្រៅរបស់ក្រុមហ៊ុន និងជាងម៉ៅការរបស់ការដ្ឋាន។ ការធ្វើបែបនេះ គឺមិនបានកឹបកេងដោយផ្ទាល់ពីក្រុមហ៊ុនទេ តែទៅថ្ងៃមុខ នឹងធ្វើអោយអតិថិជនបាត់ទំនុកចិត្តលើក្រុមហ៊ុន នឹងនាំទៅរកការខូចឈ្មោះរបស់ក្រុមហ៊ុននៅក្នុងទីផ្សារ។ ឯទីពីរ គឺគាត់អាចយកបេតុងលាយរួចចំនួន ១០ គូប មែនចេញពីរោងចក្រលាយបេតុង តែគាត់អាចលួចចាក់ ១ គូបនៅកន្លែងផ្សេងសិន រួចទើបចាក់តែ ៩ គូប អោយម្ចាស់ផ្ទះមួយនេះ។ គឺគាត់អាចកេងប្រវ័ញ្ចបាន ១គូបបេតុង​លាយស្រាប់ ដូចគ្នា។

ដោយសារមានតែម្នាក់ឯង គឺបុគ្គលិកផ្នែកលក់គាត់អាចលក់អោយអតិថិជននូវថ្លៃដែលលើសពីថ្លៃដែលក្រុមហ៊ុនបានកំនត់អោយ​លក់។ រួចគាត់សរសេរវិក័យបត្រដៃរបស់គាត់ ហើយគាត់ធ្វើចុះហត្ថលេខាក្លែងក្លាយលើវិក័យបត្ររបស់ក្រុមហ៊ុន។ ហេតុនេះ គាត់ចំនេញលើថ្លៃដែលលក់លើសការកំនត់ពីអតិថិជន។

បើផ្នែកលក់ត្រូវជាមួយអ្នកចេញ delivery note គឺពួកគាត់អាចចូលគ្នាជាមួយឈ្មួញកណ្តាលដែលជួយលក់បេតុងផ្ទាល់ទៅកាន់អតិថិជន។ ឈ្មួញអាចសុំអោយចេញ Delivery note លើសពីភាពពិតរបស់បេតុង ហើយយកNote នោះទៅសំអាងប្រាប់អតិថិជន។ ថ្វីត្បិតក្រុមហ៊ុន មិនបានលក់ដោយផ្ទាល់ទៅកាន់អតិថិជន មិនបានស៊ីលុយផ្ទាល់ ប៉ុន្តែបុគ្គលិករបស់ក្រុមហ៊ុនបានចូលរួមលួចបន្លំដោយប្រយោលលើអតិថិជន។ យូរឬឆាប់ ក្រុមហ៊ុន នឹងខូចឈ្មោះជាមិនខាន។

វិធីសាស្ត្រទប់ស្កាត់
ត្រូវមានផ្នែកប្រមូលលុយផ្សេងពីផ្នែកលក់ខាងក្រៅ។ បើបុគ្គលិកម្នាក់គាត់លក់ផង និងប្រមូលលុយផង គឺផ្តល់ឱកាសអោយគាត់ងាយស្រួលលួចលក់បេតុងអោយអតិថិជន ឬចេញវិក័យបត្រពីរផ្សេងគ្នាយកលុយពីអតិថិជន ដែលនឹងនាំអោយមានអន្តរាយដល់ក្រុមហ៊ុនទៅថ្ងៃអនាគត។

ឡានក្រឡុកបេតុង ត្រូវមានដាក់ GPS ដើម្បីដឹងពីការធ្វើដំណើររបស់ឡានទាំងនោះ។ ពេលឡានចេញខុសពីគោលដៅដែលត្រូវ គឺត្រូវមាន Alert មកដល់អ្នកគ្រប់គ្រងការដឹកជញ្ជូន។

មាន team ឬក្រុម សម្រាប់គ្រប់គ្រងតាមដានឡានក្រឡុកស៊ីម៉ង់ទាំងនោះ។ បើគ្រាន់តែដាក់ GPS ហើយមិនមានក្រុមតាមដាន គឺងាយបាត់បង់ដូចគ្នា។

ត្រូវមាន Seal នៅជាប់នឹងឡានក្រឡុកស៊ីម៉ង់ ហើយត្រូវជូនដំណឹងពីSeal នេះទៅប្រាប់អតិថិជនផង។ បើដាច់ Seal មុនពេលចាក់ គឺមានន័យថា បេតុងរបស់អ្នក ត្រូវបានគេលួចចាក់ខ្លះបាត់ទៅហើយ។

ផ្ទៀងផ្ទាត់ស្តុកស៊ីម៉ង់ ខ្សាច់អោយបានទៀតទាត់។

មានផ្នែក Customer Service ទូរស័ព្ទទៅផ្ទៀងផ្ទាត់ជាមួយអតិថិជន ក្រោយការចាក់បេតុងចប់ ដើម្បីផ្ទ្រៀងផ្ទាត់ថាបានចាក់គ្រប់ចំនួនតាមវិក័យបត្រដែរឬទេ?

ព្យាយាមតាមដាន កុំអោយមានការស៊ីជាប្រពន្ធ័ គឺមានន័យថា មិនត្រូវអោយមានការត្រូវរ៉ូវគ្នា រវាងអ្នកលាយបេតុង អ្នកលក់ និងអ្នកបើកឡានបេតុងជាដាច់ខាត។ បើកើតមានឡើង អ្នកត្រូវប្តូរបុគ្គលិកជាដាច់ខាត។

ការជ្រើសរើសបុគ្គលិក គឺព្យាយាមជ្រើសរើសបុគ្គលិកដែលមានសុចរិតភាព និងធ្វើការដោយភាពបរិសុទ្ធ។ បើបុគ្គលិក គ្មានភាពសុចរិត គឺគាត់ព្យាយាមរកវិធិសាស្ត្រគ្រប់យ៉ាងដើម្បី ស៊ីលុយពីក្រុមហ៊ុន ឬពីអតិថិជន។

ក្រុមហ៊ុន​មួយ​ចំនួន​ចង់​សន្សំ​លុយពី​ការ​ជួល​បុគ្គលិក​ច្រើន​អោយ​ធ្វើ​ការ​ ដោយ​អោយ​បុគ្គលិក​ម្នាក់ធ្វើ​ការ​ច្រើន​មុខ​។ ជា​លទ្ធផល​ ការ​ខាត​បង់​ដោយ​សារ​បុគ្គលិក​ម្នាក់ដែល​ធ្វើ​ការ​ច្រើន​មុខ​លួច​កេង​ប្រវញ្ពពីក្រុមហ៊ុន គឺ​លើស​ពី​លុយ​សន្សំ​ពីការ​មិន​ប្រើ​ប្រាស់​មនុស្ស​ជា​ប្រពន្ធ័។

សូម​ចាត់ទុក​អត្ថបទនេះ ជា​ចំនេះ​ដឹង​ក្នុង​ការការពារ​អាជីវកម្ម​របស់​អ្នក!

អត្ថបទដោយ: Rosmeanney