តើអ្វីជាវិបស្សនា?

0
20298
Source google: Group meditation

វិបស្សនា គឺ​ជា​ការធ្វើ​សមាធិ​ដើម្បី​សំអាត​ចិត្ត​អោយ​បរិសុទ្ធ​ផូរផង់។  ចិត្ត​បរិសុទ្ធ​ផូរផង់ គឺ​ជាចិត្ត​ដែល​មាន​លំនឹង ចិត្តមិន​ធ្លាក់​ចុះ ​ឬ ​ប្រែ​ប្រួល​ទៅ​តាម​ស្ថានការណ៍​ដែល​កើត​ឡើង។ ចិត្ត​បរិសុទ្ធ​ គឺ​ជា​ចិត្ត​ប្រាស​ចាក​ ការ​ខឹង ច្រណែន ស្អប់​ គុំ​គួន ការ​លោភលន់ សោកសៅ និង​ការ​ខក​បំណង។

តើអ្នក​ណា​ខ្លះ​អាច​ទៅ​វិបស្សនាបាន?

ជន​គ្រប់រូប​អាច​ទៅ​វិបស្សនា​បាន ទាំង​ប្រុស​ ទាំង​ស្រី​ កូន​ក្មេង​ និង​មនុស្ស​ចាស់ គ្រប់​ជាតិ​សាសន៍ គ្រប់​សាសនា។

ហេតុអ្វី​បាន​ជា​យើង​ចាំ​បាច់​ទៅ​ធ្វើ​វិបស្សនា?

ក្នុង​ជីវភាព​រស់នៅ​សព្វ​ថ្ងៃ គឺ​មាន​រឿង​ជា​ច្រើន​ដែល​ធ្វើ​អោយ​យើង​ខក​បំណង ខ្វាយ​ខ្វល់។ រឿង​ខ្លះ​ដែល​យើងចង់​អោយ​កើត ​បែរ​ជា​វា​មិន​កើតឡើង ហើយ​រឿង​ខ្លះ​ដែល​យើង​មិន​ចង់​កើត ​បែរ​ជា​វា​កើត​ឡើង​។ ឧទាហរណ៍​ ដូច​ជា​យើង​ចង់​មាន​លុយ ចង់​អោយគេ​ស្រលាញ់ តែ​បែរ​ជា​មិន​កើត​ឡើង។ ផ្ទុយទៅ​វិញ​ ជំងឺ​ឈឺ​ថ្កាត់ផ្សេង​ៗ យើង​មិន​ដែល​ចង់​អោយ​វា​កើត​ឡើង ​វា​បែរ​ជា​កើត​ឡើង។ នៅ​ពេល​ដែល​រឿង​ខុស​ពី​ចិត្ត​កើត​ឡើង​ យើង​ចាប់​ផ្តើម​មាន​ប្រតិកម្ម​ជា​ការ​ខឹង​សម្បារ​ ឬ​យំសោក ដែល​នោះ​ហើយ​គឺ​ជា​ការ​ធ្វើ​ទុក្ខ​ខ្លួន​ឯង។

វិបស្សនា​ ជួយអោយ​យើង​ប្រាសចាក​ពី​ការ​ធ្វើ​ប្រតិកម្ម​លើ​អ្វី​ដែល​បាន​កើត​ឡើង​ ប្រាស​ចាក​ពី​ការ​ធ្វើ​ទុក្ខ​ខ្លួន​ឯង​។

តើ​យើង​បាន​ស្គាល់​អ្វីខ្លះ ពី​ការ​ធ្វើ​វិបស្សនា?

វិបស្សនា គឺ​ធ្វើ​អោយ​យើង​បាន​ស្គាល់​ខ្លួន​ឯង​កាន់តែ​ច្បាស់ យើង​បាន​ស្គាល់​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ខ្លួនតាមរយៈការ​ធ្វើ​ពិសោធន៍​ដោយខ្លួន​ឯងផ្ទាល់​។ យើង​នឹង​ទទួល​បទពិសោធន៍​ថា នៅ​ពេល​ដែល​យើង​ខឹង​នរណា​ម្នាក់ គឺច្បាស់​ណាស់​ថា​យើង​ធ្វើ​ទុ​ក្ខ​ខ្លួន​ឯង ​ដោយវេទនា​កើតឡើង​​នៅ​លើ​ខ្លួន​យើង​ផ្ទាល់ មិនមែន​នៅ​លើ​ខ្លួន​បុគ្គល​ដែល​យើង​ខឹង​ឡើយ។

តើ​មាន​អ្វី​ផ្លាស់ប្តូរ​ក្រោយ​ការ​ធ្វើ​វិបស្សនា?

ក្រោយការ​ធ្វើវិបស្សនា នឹង​មាន​រឿង​ជា​ច្រើន​ផ្លាស់ប្តូរ៖

ដំបូង​ អ្នក​នឹង​កាត់​បន្ថយ​ការ​ធ្វើ​ទុក្ខ​ខ្លួន​ឯ​ង​។ នៅ​ពេល​មាន​រឿង​អ្វី​មួយ​កើតឡើង​ អ្នក​នឹង​មិន​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ដូច​ពី​មុន​ឡើយ។ អ្នក​អាច​កាត់​បន្ថយការ​ខឹង និង ​ទប់​កំហឹង​របស់​ខ្លួន។ អ្នក​នឹ​ងអាច​កាត់​បន្ថយ​ការ​ញៀន​មួយ​ចំនួន ដូច​ជា​ ការ​ញៀន​ស្រា ញៀន​បារី ស្រី​ញី​ ប្រុសឈ្មោល ជា​ដើម។ ក្រោយ​វិបស្សនា សុខភាពផ្លូវ​ចិត្ត​របស់​បុគ្គល​នោះ​នឹង​ប្រសើរ​ឡើង ហើយ​សុខភាព​ផ្លូវ​កាយ​ក៏​ប្រសើរ​ឡើង​ជា​រឿយៗ។

ទីពីរ​ អ្នក​នឹង​កាត់​បន្ថយ​ការ​បង្កទុក្ខ​ទោស​ទៅ​លើ​អ្នក​ដទៃ​ ឬ ​អ្នក​​ដែល​នៅ​ក្បែរ​ខ្លួន។ ដោយ​ហេតុ​ថា​អ្នក​កាត់បន្ថយ​ការ​ធ្វើ​ទុក្ខ​ទោស​ខ្លួន​ឯង​ នោះ​អ្នក​ក៏នឹងបន្ថយ​ទុក្ខ​ទោស​អ្នក​នៅជុំវិញ​ខ្លួន​ដូច​ជា ​ប្តី​/ប្រពន្ទ​ ឬ គ្រួសារ​របស់់​​អ្នក។ អ្នក​ធ្វើ​វិបស្សនា​ នឹងរក្សា​សីល​៥ យ៉ាង​ខ្ចាប់​ខ្ជួន​។​ ​អ្នក​វិបស្សនាដែល​រក្សា​សីលខ្ចាប់ខ្ជួន នឹង​មិន​ទៅ​បំផ្លាញ​សេចក្តី​សុខ​របស់​សព្វសត្វ​ដទៃទៀត​ឡើយ។

ទីបី អ្នក​បាន​ត្រៀម​ខ្លួន​ចំពោះ​ហេតុ​ការណ៍​ណា​មួយ​ដែល​នឹង​កើត​ឡើង​ចំពោះ​ខ្លួន​អ្នក ដូច​ជា​ការ​ ឈឺ ​ស្លាប់ ឬ​ ការ​ព្រាត់​ប្រាស​ប្តី​ប្រពន្ធ​ កូន​ជា​ទី​ស្រលាញ់។ អ្នក​នឹង​ពិសោធន៍​យ៉ាង​ច្បាស់​ថា គ្រប់យ៉ាង​នៅ​លើ​លោក​សុទ្ធ​តែ​មិន​ទៀង​ ។ កើត​ហើយ​ក៏​ស្លាប់​ទៅ​តាម​កម្ម​ពៀរ​របស់​បុគ្គលនោះ​។ រឿងគ្រប់យ៉ាង ដែល​កើត​ឡើង​សុទ្ធ​តែ​មាន​ហេតុ​របស់​វា មិន​មែន​កើតឡើង​ដោយ​ចៃ​ដន្យឡើយ។

ហេតុនេះ ក្នុង​នាម​ជា​អ្នកដែល​បាន​ចូល​រួម​ការ​ធ្វើ​វិបស្សនារួច​ហើយ​ ខ្ញុំ​សូម​ណែនាំអ្នក​ដែល​មិនទាន់​ទៅធ្វើ​វិបស្សនា សូម​ព្យាយាម​ទៅ​អោយ​បាន​ម្តង​ដើម្បី​បាន​ស្គាល់​រស​ជាតិ​ពិត​ប្រាកដ​របស់​វិបស្សនា។

អ្នក​អាច​ចុះ​ឈ្មោះ​តាម​រយៈ អាសយដ្ឋាន​ដូច​ខាង​ក្រោម៖

ធម្មលដ្ឋិកា
អាសយដ្ឋាន៖ ភ្នំទ្រុងមាន់, ផ្លូវជាតិលេខ ៥៧, បាត់ដំបង, កម្ពុជា
ទូរសព្ទ៖ ០៩៦ ៥៥៣៥ ៧៧៧០៩២ ៩៣១ ៦៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.latthika.dhamma.org

ធម្មកម្ពុជា
អាសយដ្ឋាន៖ ភូមិរលួស, ផ្លូវជាតិ​លេខ ៧១, កំពង់ចាម, កម្ពុជា
ទូរសព្ទ៖ ០៧៧ ២៣៣ ៧៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kamboja.dhamma.org

អត្ថបទដោយ៖ Admin Rosmeanney