ចង់​ក្លាយ​ជា​បុគ្គលិក​ឆ្នើម ធ្វើ​ការ​ត្រូវ​ផ្តោត​លើ​លទ្ធ​ផល​

0
5763
Image source: Google

 

អ្នក​ណា​ខ្លះ​ខំធ្វើ​ការណាស់ តែ​នូវ​តែ​មិន​សូវ​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​អ្នក​នៅ​ជុំវិញ ពី​ថ្នាក់គ្រប់គ្រង? ខំធ្វើ​ការ​យ៉ាង​ខ្មៅ​មុខនិង​ស្រកគីឡូ​ហើយ នូវ​មេ​មិន​សរសើរ​ហើយ​ស្តី​អោយ​ទៀត? ប្រសិន​បើ​អ្នក​នៅ​ក្នុង​ស្ថាន​ការណ៍​បែប​នេះ​ សូម​ភ្ញាក់ខ្លួន​ឡើង​។ អ្នក​អាចកំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ផ្អែក​លើ​លេស​ ផ្អែក​លើ​ការ​ខិតខំ​ប្រឹង​ប្រែង​ ជា​ជាង​លទ្ធផល​ការងារ​។

អ្វី​ទៅ​ជា​ការ​ធ្វើ​ការ​ផ្តោត​លើ​លទ្ធផល​?

គឺ​ជា​​ការ​ធ្វើ​ការ​ដែល​​សម្រេច​បាន​នូវ​គោល​ដៅ​ដែល​បាន​កំនត់ទុក។

ឧទាហរណ៍៖

បើ​អ្នក​ជា​បុគ្គលិក​ផ្នែក​លក់៖ អ្នក​ត្រូវ​លក់​ឲ្យបាន​សម្រេច​តាម​គោល​ដៅ​ ដោយមិន​មែន​ប្រើ​លេស​ថា​ មិន​មាន​អតិថិជន​ទិញ ដោយសារផលិតផល​របស់​យើង​លក់​ថ្លៃ​ជាង​គេ។​ ខ្ញុំ​ខំ​ដើរ​លក់​ដែរ​ តែ​គ្មាន​អ្នក​ទិញ​។ យើង​លក់​មិន​ដាច់​ព្រោះ​ ក្រុមហ៊ុន​យើង​មិន​អោយ​ commission ដល់​អ្នក​ទិញ។ ខ្ញុំ​ខិតខំ​ដើរ​លក់​យ៉ាង​ខ្មៅ​មុខ​ខ្មៅ​មាត់​អស់​ហើយ បើ​មិន​ជឿ​មើល​មុខ​ខ្ញុំ​ចុះ។ នេះ​​ជា​ការ​គិត​ខុស​ហើយ តួនាទី​របស់​អ្នក​ គឺ​ត្រូវ​ខិត​ខំ​រិះ​រក​គ្រប់​មធ្យោបាយ​ដើម្បី​សម្រេច​អោយបាន​លើ​គោល​ដៅ​សម្រេច មិន​មែន​ផ្តោត​លើ​លេស​ទេ។

បើ​អ្នក​ជា​អ្នក​ជ្រើស​រើស​បុគ្គលិក​៖ តួនាទី​អ្នក​គឺ​ត្រូវ​ជ្រើស​រើស​បុគ្គលិក​ឲ្យបាន​​ដើម្បី​បំពេញ​កន្លែង​ដែល​ខ្វះ​ខាត។ អ្នក​មិន​អាច​និយាយ​ថា ខ្ញុំ​ខំ​ប្រកាស​ជ្រើស​រើស​បុគ្គលិក ខ្ញុំ​ខំសំភាសន៍ច្រើន​លើក​ច្រើន​សារ តែ​នៅ​តែ​មិន​បាន​បុគ្គលិក​ថ្មី​សម្រាប់​ជំនួស​កន្លែង​ដែល​ខ្វះ​ខាត​។ អ្នក​កំពុង​តែ​គិត​ខុស​ហើយ ស្នាដៃ​គឺ​ផ្តោត​លើ​លទ្ធផល​ ហើយ​លទ្ធផល​នោះ​គឺ ការរើស​បាន​បុគ្គលិក​ថ្មី។ បើអ្នក​រើស​បុគ្គលិក​មិនបាន ទោះ​អ្នក​ខំ​ប៉ុណ្ណា​ក៏​នៅ​តែ​គ្មាន​ស្នាដៃ​​ ព្រោះ​អ្នក​មិន​បាន​សម្រេច​អ្វី​ដែល​អ្នក​ត្រូវ​សម្រេច​។

អ្វីទៅ​ជា​ការ​ធ្វើ​ការងារ​មាន​ប្រសិទ្ធិ​ភាព​?

ធ្វើ​ការ​ងារ​មាន​ប្រសិទ្ធិភាព គឺ​ជា​ការ​អាច​សម្រេច​បាន​ការងារដែល​បាន​កំនត់ ​ក្នុង​រយៈ​ពេល​តិច​ ចំណាយ​ធនធាន​តិច​។

ឧទាហរណ៍៖

បើ​អ្នក​ជា​បុគ្គលិក​ផ្នែក​លក់៖

បុគ្គលិក​ A ម្នាក់​ លក់បាន​អាវ​យឺត​ចំនួន ១០០០ អាវ​ក្នុង​រយៈពេល ៣ សប្តាហ៍ ដោយប្រើ​សាំង​ក្នុង​ការ​ដើរ​លក់​ចំនួន ២០ លីត្រ។

បុគ្គលិក​ B ម្នាក់​ទៀត​ លក់បាន​អាវ​យឺ​ត​ ១០០០ អាវ​ក្នុង​រយៈពេល​ ​១ ខែ​ ដោយប្រើ​សាំង​ក្នុង​ការ​ដើរ​លក់​ចំនួន ៤០ លីត្រ។

យើង​អាច​និយាយ​បាន​ថា ការងារ​របស់​A មាន​ប្រសិទ្ធិ​ភាព​ជាង​ការងារ​របស់​B ពីព្រោះ​គាត់​ចំណាយ​ពេល​តិចជាង​ក្នុង​ការ​លក់អាវ​អោយបាន​ ១០០០ អាវ ហើយ​ប្រើ​ធនធាន​តិច​ជាង​ក្នុង​ការ​លក់។

ប្រសិន​បើ​អ្នក​ជា​បុគ្គលិក​រដ្ឋបាល៖ ប្រធាន​របស់​អ្នក​បាន​កំនត់​អោយអ្នក​ធ្វើ​របាយការណ៍​ទាក់​ទងនឹង​វត្ត​មាន​របស់​បុគ្គលិក​រៀង​រាល់​ដើម​ខែ​ថ្មី​ ត្រឹម​ថ្ងៃ​ទី ៣។ អ្នក​បាន​ធ្វើ​របាយការណ៍​ជូន​មេ​របស់​អ្នក​នៅថ្ងៃ​ទី ៥ ហើយ​របាយការណ៍​នោះ​ ខុស​នេះ​ខុស​នោះ​រហូត​ ត្រូវ​ព្រីន​ចេញ​ច្រើន​សន្លឹក​ កែ​ច្រើន​ដង​។ នេះ​មាន​ន័យ​ថា ​អ្នក​ធ្វើ​ការ​មិនសូវ​មាន​ប្រសិទ្ធិ​ភាព​ អ្នក​មិនបាន​យក​ចិត្ត​ទុកដាក់​ចំពោះ​ភាព​ត្រឹម​ត្រូវ​នៃ​លទ្ធ​ផល​ការងារ​។ ​អ្នក​កំពុង​លុង​នឹង​ការ​ខិតខំ​ខុស​។

ហេតុនេះ ពី​ថ្ងៃ​នេះ​ទៅ សូម​ព្យាយាមមើល​លើ​លទ្ធ​ផលការងារ​របស់​អ្នក ដោយព្យាយាម​ពិនិត្យ​មើល​ថា​ តើ​អ្នក​ចំណាយ​ពេល​យូរ​ក្នុង​ការ​សម្រេច​ការងារ​មួយ​ដែរ​ឬ​ទេ? តើ​អ្នក​បានប្រើ​ប្រាស់​ធនធាន​ច្រើន​ក្នុង​ការ​សម្រេច​ការងារ​នោះ​មែន​ទេ? បើ​អ្នក​មាន​ចម្លើយ​ បាទ/ចាស ចូរ​ព្យាយាម​កែ ដោយ​ធ្វើ​យ៉ាង​ណា​ផ្តោត​លើ​លទ្ធផល​ រិះ​រក​គ្រប់វិធី​ដើម្បីសម្រេច​ឲ្យបាន​តាម​គោល​ដៅ​ ដោយ​ប្រើ​ប្រាស់​ពេល​វេលា​តិច និង​ សន្សំសំចៃធនធាន​។

អត្ថបទដោយ៖ Rosmeanney