ធ្វើយ៉ាងណាទើបជួបគូរព្រងរបស់អ្នក?

0
3999
Image source: Google

ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បានបុរសម្នាក់ ដែលស្រលាញ់ខ្លួនយ៉ាងពិតប្រាកដមករស់នៅ ក្បែរខ្លួន ផ្តល់ក្តីស្រលាញ់ ភាពកក់ក្តៅ ផ្តល់ការយកចិត្តទុកដាក់ និងថែររក្សាពេលឈីថ្កាត់។ នារី ខ្លះឆាប់បានជួបមនុស្សដែលខ្លួនចង់បាន ចំណែកនារីខ្លះទៀតហាក់ដូចជាមិនងាយបានជួបដៃ គូរដែលខ្លួនប៉ងប្រាថ្នានោះទេ។ «តើមានវិធីសាស្ត្រណា ដែលអាច ជួយឲ្យខ្ញុំឆាប់ជួបបុរសក្នុងក្តី សុបិន្ត?» នេះជាសំណួរ ដែលនារីភាគច្រើនចោទសួរខ្លួនឯង និង មិត្តភក្ត្រជិតស្និទ្ធិរបស់ខ្លួន។ មានស្ត្រីជាច្រើនរូប ដែលតែងតែឆ្ងល់ថា ហេតុអ្វីខ្លួនរងចាំជួបគូរព្រេងរបស់ខ្លួនយូរជាងអ្នកដទៃ ឬក៏ហេតុអ្វីបានជាគូរព្រេងរបស់ខ្លួនក្រកើតខ្លាំងម៉្លេះ? ស្ត្រីមួយចំនួនរងចាំពេលជួបមនុស្សដែល​ខ្លួនស្រលាញ់រហូតដល់អាយុឡើងចំណាស់ ហើយក៏ចាប់ផ្តើម​គិតថាប្រហែលជា​ខ្លួនត្រូវ​នៅ​ម្នាក់ឯងដល់ចាស់ឬក៏ខ្លួនក្លាយជាក្រមុំចាស់គ្មានអ្នកណាស្រលាញ់នោះទេ។ បើសិនជា​អ្នក​ជួបបញ្ហានេះ សូមកុំបារម្ភ។ ខាងក្រោមនេះ ជាគំនិតមួយចំនួនដែលអាចជួយពន្លឿនពេល​ឲ្យអ្នកឆាប់ជួបមនុស្សក្នុងសុបន្តិរបស់អ្នក ទោះបីជាអ្នកមានអាយុច្រើនប៉ុណ្ណាក៏ដោយ។

  • ការតុបតែងខ្លួនៈ

មានសុភាពនារីជាច្រើនតែងតែយល់ច្រលំថាខ្លួនជានារីល្អ មានចរិយាសម្បត្តិជានារីពិត ដូចច្នេះ រូបរាងកាយខាងក្រៅមិនសំខាន់ឡើយ គឺតែងខ្លួនឲ្យតែបានទៅបានហើយ ឬក៏​តុប​តែងរាងកាយបែបសាមញ្ញពេក។ ជាការពិត តម្លៃរបស់នារីស្ថិតនៅលើចរិយាសម្បត្តិ  ប៉ុន្តែ​ដើម្បីឲ្យគេចាប់ផ្តើមចាប់អារម្មណ៍តាមដានមើលចរិយាសម្បត្តិដ៏ល្អរបស់អ្នក គឺទាល់តែអ្នកមាន​ភាពទាក់ទាញឲ្យគេចាប់អារម្មណ៍ជាមុនសិន។ ភាពទាក់ទាញភ្នែកពិតជាមាន​ការចាំ​បាច់​ណាស់​ចំពោះបុរស។ ហេតុដូចនេះ អ្នកត្រូវតែងខ្លួនឲ្យបានស្អាត មានការទាក់ទាញ និងបង្ហាញ​ថា​អ្នកនៅទំនេរមិនទាន់មានដៃគូរ តាមរយៈភាពស្រស់ស្រាយ ញញឹមប្រឹមប្រិយ និងការ​តុបតែង   ខ្លួ​នបែបស៊ីវិល័យ។ ការតុបតែងខ្លួននេះ គឺមានភាពសមរម្យ មិនមែន​លេចលើ​លេច​ក្រោម​នោះទេ។ ចូររើសសំលៀកបំពាក់ដែលសក្កសមជាមួយរូបអ្នក និងជួយអ្នកឲ្យមើល​ទៅ​កាន់ក្មេង។ សូមកុំគិតថាអ្នកចាស់ ហើយរើសយកសំលៀកបំពាក់ដែលចាស់ នោះវានឹងធ្វើឲ្យអ្នក​កាន់​តែចាស់។ សូមព្យាយាមរើសសំលៀកដែលបង្ហាញពីភាពជានារី ដូចជា រ៉ូប សំពត់ និងមាន​ពណ៍​ទាក់ទាញដូចជា ពណ៌ផ្កាឈូក ពណ៌ក្រហម ឬពណ៌ណាដែលស្រស់ ។ សំលៀកបំពាក់ស្អាត ត្រូវគូរជាមួយនឹងការតុបតែងមុខ។ មុនចេញទៅណាមកណា នារីទាំងឡាយ​គួរតែមាន​ការ​ផាត់មុខ លាបក្រែមពណ៌ផ្កាឈូកឬក្រហមលើបបូរមាត់ ដែលនេះវាជួយឲ្យអ្នកមើល​ទៅកាន់​តែស្រស់ស្អាតនិងមាន ទំនុកចិត្តលើខ្លួនឯង។

ក្រឡេកមើលរូបភាពរបស់នារីទាំងពីរខាងលើ បន្ទាប់មកអ្នកនឹងយល់ថា តើស្លៀកពាកបែបណា មានលក្ខណៈ ជានារីពេញលេញ និង មានភាពទាក់ទាញ។

Image source: google

  • ចូលរួមសកម្មភាពសង្គមៈ

សុភាពនារីមិនគួរនៅតែផ្ទះនោះទេ ពីព្រោះការនៅផ្ទះធ្វើឲ្យអ្នកមិន​អាចជួបជាមួយ​មនុស្ស​បានច្រើន ឬជួបជាមួយមនុស្សថ្មី ដែលជាការកាត់បន្ថយឱកាស​របស់អ្នកដើម្បីជួបបុរស​ដែល​អ្នក​ប៉ងប្រាថ្នា។ អ្នកគួរតែចូលរូមក្នុងពិធីផ្សេងៗដូចជាពិធី ខួបកំណើត អាពាហ៌ពិពាហ៌ ពិធីជុប​លៀងផ្សេងៗ។ ជាងនេះ ទៅទៀតអ្នកគួរចូលរួមដំនើរកំសាន្តតាមរម្យនីយដ្ឋានផ្សេងៗ ដែលជួយ​ឲ្យអ្នកមានភាពរីករាយ និង​ជួបមនុស្សបានកាន់តែច្រើន។

  • ស្រលាញ់ខ្លួនរបស់អ្នកឲ្យច្រើនៗ

ដើម្បីទទួលបានក្តីស្រលាញ់ពីអ្នកដទៃក៏ដូចជាបុរសនៅក្នុងសុបន្តិរបស់អ្នក ផ្តើមដំបូង​គឺអ្នកត្រូវស្រលាញ់ខ្លួនរបស់អ្នកឲ្យបានច្រើនបំផុតតាមដែលអ្នកអាចធ្វើទៅបាន។ តាមការ​សិក្សា​បង្ហាញថាមនុស្ស ដែលស្រលាញ់ខ្លួនឯងតែងតែទទួលការកោតសរសើរ និង ចាប់​អារម្មណ៍​ពីអ្នកដទៃជាពិសេសបុរស។ បុរសចូលចិត្តនារីដែលស្រលាញ់ខ្លួនឯង យកចិត្តទុកដាក់ចំពោះខ្លួន និង​ចេះថែររក្សាខ្លួន។ តើត្រូវធ្វើអ្វីខ្លះ ដែលបង្ហាញថាអ្នកពិតជាស្រលាញ់ខ្លួនរបស់អ្នក? ការ​ស្រលាញ់ខ្លួនឯងស្តែងចេញពី ការចេះថែររក្សាខ្លួនប្រាណ អនាម័យខ្លួន ការតុបតែង​ខ្លួនស្អាតបាត ការឲ្យតម្លៃលើខ្លួនឯង និង ការនិយាយល្អចំពោះខ្លួនឯង។ សូមកុំនិយាយ​រិះគន់ពីខ្លួនឯងដូចជា ខ្ញុំមិនស្អាត មិនឆ្លាត ឥតប្រយោជន៍ ពីព្រោះការនិយាយបែបនេះ បង្ហាញ​ថាអ្នកគ្មានទំនុកចិត្តលើខ្លួនឯង អ្នកមិនស្រលាញ់ខ្លួនឯង ជាហេតុធ្វើឲ្យអ្នកដទៃអាចវាយ​តម្លៃ​លើអ្នក។ សរុបសេចក្តីមក អ្នកត្រូវស្រលាញ់ខ្លួនអ្នកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន និង ត្រូវចេះលើកលែងទោសឲ្យខ្លួនឯង។

  • បើកចិត្តឲ្យទូលាយៈ និង ផ្លាស់ប្តូរការគិតរបស់អ្នកចំពោះបុរសៈ

មាននារីមួយចំនួនគិតថា បុរសជាមនុស្សសាវា មិនល្អ និង បោកប្រាស់ស្រីៗ។ តាមពិត​ទៅបុរសទាំងអស់មិនអាក្រក់ទាំងអស់នោះទេ មានបុរសមួយចំនួនគាត់បោកប្រាស់គេ ប៉ុន្តែ​ក៏មានបុរសជាច្រើននាក់ទៀត ដែលជាមនុស្សស្មោះត្រង់ចំពោះស្នេហា។ កាលណាអ្នក​គិត​អវិជ្ជមានចំពោះមនុស្សប្រុស វាធ្វើឲ្យអ្នកមិនអាចបើកចិត្តទូលាយទទួលរូបគេ ហើយបិទ​ឱកាសសម្រាប់ខ្លួនឯង។​ ឱកាសជួបជាមួយមនុស្សដែលអ្នកអាចស្រលាញ់ និង គេពេញចិត្ត អ្នកវិញ គឺមិនចេះតែកើតឡើងនោះទេ។ ដូចច្នេះប្រសិនបើ អ្នកបានជួបហើយ គឺត្រូវក្តាប់​ឱកាស​នោះឲ្យជាប់។

  • ហ៊ានចេញទៅក្រៅដើម្បីស្គាល់ចិត្តអ្នកដែលចង់បានក្តីស្រលាញ់ពីអ្នកៈ

មានពំនោលមួយថា «ការបើកឱកាសឲ្យគេ គឺការបើកឱកាសឲ្យខ្លួនឯង»។ នៅពេល​ដែល​មានបុរសណាមួយដែលអ្នកទុកចិត្តចូលមកសុំទាក់ទងអ្នក ហើយគេជាមនុស្សល្អ ប៉ុន្តែអ្មកមាន​អារម្មណ៍មិនសូវពេញចិត្តគេ សូមអ្នកកុំបដិសេដគេភ្លាមៗ។ សូមសាកល្បងទុកឱកាសឲ្យគេខ្លះ ដោយសាកល្បងដើរទៅក្រៅឬទៅញាំអីជាមួយគេនៅភោជនីយដ្ឋាន។អ្នកអាចយកមិត្តភក្ត័​ឬបង​ប្អូនទៅជាមួយអ្នក ប្រសិនបើអ្នកមិនហានដើរតែពីរនាក់។ ការធ្វើបែបនេះ​ជួយឲ្យ​អ្នកអាច​ស្គាល់​គ្នាបានកាន់តែច្បាស់និងអាចស្គាល់ចំនុចខ្សោយនិងខ្លាំងរបស់គេដែលចំនុច​ទាំងនេះ ​អ្នកនឹង​មិនអាចដឺងបានទេ ប្រសិនបើអ្នកបដិសេដគេតាំងពីលើកដំបូង។

  • រើសយកស្តង់ដា ឬមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ

នារីដែលមានការសិក្សាកំរិតខ្ពស់និង​មានទ្រព្យសម្បត្តិច្រើនមួយចំនួន តែងតែ​មាន​មោទនៈភាព ខ្ពស់ចំពោះខ្លួន និង តែងតែប្រាថ្នារកបុរសដែលមានសមត្ថភាពខ្ពស់ជាងខ្លួន ឬក៏មានជាងខ្លួន។ ការមាន ផ្នត់គំនិតបែបនេះ បានធ្វើឲ្យបុរសជាច្រើន​មិនហ៊ានចូល​ខ្លួន​ទាក់ទងនាង ដែលជាហេតុធ្វើឲ្យពួកគាត់ ឆ្ងល់ថាហេតុអ្វីក៏ពិបាករកគូរស្នេហ៍ខ្លាំងម្ល៉េះ។ មនុស្ស​ម្នាក់ៗតែងតែមានស្តង់ដាសម្រាប់បុរស​ដែលខ្លួនចង់រស់នៅជាមួយ ប៉ុន្តែជួន​កាលស្តង់​ដា​​ទាំង​នោះ ពន្យារពេលនារីនោះក្នុងការជួបមនុស្សក្នុងក្តីសុបិន្ត ជាពិសេស វាអាចធ្វើឲ្យ​អ្នកថ្លោះ​ធ្លោយ​ក៏ថាបាន។ មាននារីមួយចំនួនកំណត់ស្តង់ដាដ៏សែនខ្ពស់ ហើយពួកគាត់តែងខកបំនង​ព្រោះបុរស​ដែលមានគ្រប់លក្ខណៈដែលគាត់ចង់បាន ​មិនងាយលេចចេញរូបរាងឡើងមក ហើយនិង​គួបផ្សំនឹងអាយុកាន់តែចាស់នោះ វាបែរជាធ្វើឲ្យ​ពួក​គាត់ចាប់ផ្តើមមានអារម្មណ៌ភ័យខ្លាចអត់គូរ រួចក៏បន្ទាបស្តង់ដាខ្លួន រហូតដល់អ្នកខ្លះចេះតែទទួលយកដើម្បីឲ្យមានគូរនឹងគេ។ ហេតុដូចច្នេះ សូមកុំទុកឲ្យហួសពេល ចាប់យកឱកាសដែលខ្លួនមាន។ សូមអ្នកចាំថា ស្នេហាពិត​គឺ​រស់នៅជាមួយមនុស្សម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដ អាចរស់នៅជាមួយគ្នាចុះសម្រុង បុរសដែលស្មោះត្រង់ជាមួយអ្នក បុរសខិតខំធ្វើការងារ បុរសដែលធ្វើឲ្យអ្នកមានអារម្មណ៍​ថាអ្នកជាមនុស្សពិសេស និងផ្តល់ភាពកក់ក្តៅជូនអ្នក ។

ជាចុងក្រោយ សូមឲ្យនារីដែលកំពុងតែស្វែងរកដៃគូរ ឬ បុរសក្នុងក្តីសុបន្តិរបស់អ្នក សាកល្បងពិចារណានូវចំនុចដែលបានរៀបរាប់ខាងលើ។ សង្ឃឹមថាវិធីសាស្ត្រខាងលើ អាច​ចូលរួមជាគំនិតមួយ សម្រាប់ជួយអ្នក្នុងការបង្កើនទំនុកចិត្តលើខ្លួនឯង។  វាសនារបស់អ្នក គឺអាស្រ័យលើអ្នកផ្ទាល់ ហើយអ្នកគឺជាអ្នកកែប្រែជីវិតរបស់អ្នកឲ្យ មានភាពរីករាយមាន​ភាពស្រស់ស្រាយ និង ទទួលបានក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួន។ សូមជូនពរឲ្យ​អ្នក​ទាំង​អស់គ្នាទទួលបានជោគជ័យ និង បានជួបមនុស្សដែលអ្នករងចាំ និង ផ្តល់​សេចក្តី​ស្រលាញ់​និងភាពកក់ក្តៅដ៏ពេញលេញជូនដល់អ្នក។

ប្រែសម្រួលនិងចងក្រងដោយ៖ Baby cook