ដល់ពេលហើយ ដែលត្រូវចូលរួមបញ្ឈប់ post និង share រូបភាពហិង្សា និងគ្រោះថ្នាក់សាហាវៗ

0
2942
Image by: Axios

ការចែករំលែកព័ត៌មានគឺងាយស្រួលខ្លាំងណាស់ក្នុងពេលបច្ចុប្បន្ននេះ។ គ្រាន់តែ ថត ផុស រួច share លើ Facebook, Instagram, ….។

តែអ្វីដែលគួរអោយព្រួយបារម្ភនោះ គឺការប្រើប្រាស់ Facebook នៅក្នុងប្រទេសយើង ដែលអោយតែមានហេតុការណ៍ណាមួយកើតឡើង ទាំងអ្នកសារព័ត៌មានមួយចំនួន ទាំងជនសាមញ្ញធម្មតា តែងតែផ្តិតនៅរូបភាពជនរងគ្រោះជាក់ស្តែងស្រស់ៗមកចែករំលែកដូចជា រូបភាពគ្រោះធ្នាក់ដាច់ដៃ ដាច់ជើង ឡានកិនបែកក្បាល កាត់រាងកាយមនុស្សដាក់ក្នុងទូរទឹកកក វាយតប់ ក្រពើដណ្តើមគ្នាស៊ីលលាដ៏ក្បាលកូនក្មេង ។ល។

តើអ្នកដឹងទេ ការចែករំលែករូបភាពហឹង្សា និងរូបភាពស្លាប់នៃជនរងគ្រោះចំពោះគ្រោះថ្នាក់ណាមួយដែលបានកើតឡើង មានផលប៉ះពាល់ដល់សង្គមដូម្តេចខ្លះ?

1. ជាអំពើអសីលធម៌ចំពោះជនរងគ្រោះ និងគ្រួសារអ្នកដែលស្លាប់: បាត់បង់ជនរងគ្រោះ គឺជាការឈឺចាប់មួយទៅហើយ តែនៅពេលដែលគាត់ឃើញសាច់ញាតិរបស់គាត់ដែលស្លាប់ត្រូវគែចែករំលែករូបភាពគ្រោះថ្នាក់ជាក់ស្តែង គឺធ្វើអោយគាត់ឈឺចាប់កាន់តែយូរ កាន់តែមិនងាយបំភ្លេចបាន។

2. ប៉ះពាល់ដល់ផ្លូវចិត្តអ្នកមើល។ រូបភាពសាហាវទាំងនោះ បានធ្វើអោយអ្នកមើលខ្លះរន្ធត់ ខ្លះទៀតខ្លាចរអាដល់ថ្នាក់គេងយល់សប្តិ ឯខ្លះទៀតពិបាកទទួលទានអាហារ។

3. បង្កទំនោរ និងបង្កើនចំនួនគ្រោះថ្នាក់សាហាវៗកាន់តែច្រើនឡើង។ តាមរយៈច្បាប់ស្រូបទាញ កាលណាបុគ្គលណាមួយដក់ជាប់ក្នុងចិត្តនូវរូបភាពហិង្សា រូបភាពគ្រោះថ្នាក់សាហាវៗ គឺធ្វើអោយពួកគេស្រូបយកនូវទំនាញទាញទៅរកគ្រោះថ្នាក់ដូចគ្នា។ មួយវិញទៀត រូបភាពសាហាវៗខ្លះ វាហាក់ដូចជាមេរៀនបង្រៀនដល់ជនដទៃអោយរៀនពីរបៀបធ្វើអំពើទាំងនោះទៅកាន់ជនណាមួយទៀត។

ប្រសិន​បើ​អ្នក​ចង់​ចែករំលែក​ព័ត៌មានថ្មីទាក់ទង​នឹង​គ្រោះ​ថ្នាក់ផ្សេងៗ សូម​អ្នក​យក​រួបភាព​នោះ​ បិទ​កុំ​អោយ​ឃើញ​ឈាម​ស្រស់សាច់ស្រស់ និងដោយការ​គោរព​ចំពោះ​ជន​រងគ្រោះ។

ហេតុនេះ សូមចូលរួមទាំងអស់គ្នា បញ្ឈប់ការ post និង share រូបភាពដែលហិង្សាទំាងឡាយដើម្បី៖
• គោរពចំពោះជនរងគ្រោះ និងសាច់ញាតិរបស់ពួកគាត់
• កាត់បន្ថយចរន្តអវិជ្ជមាន និងរូបភាពហិង្សានៅក្នុងសង្គមយើង
• រក្សាសេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក

អត្ថបទដោយ ៖ Rosmeanney