ហេតុអ្វីស្ត្រីមួយចំនួនបាត់បង់បុរសល្អដែលចូលមកក្នុងជីវិតរបស់ខ្លួន ដោយសារ Facebook?

0
3907
Image source: Google

«បើមិនច្បាស់ ចូលមកក្នុងជីវិតខ្ញុំធ្វើអ្វី?» នេះជាប្រយោគ ដែលតែងតែឃើញយុវតី ស្ត្រី មួយចំនួនចូលចិត្តនិយាយ និង ផុសនៅលើ Facebook របស់ខ្លួន។
តើអ្នកមានដឹងទេ តើហេតុអ្វីគេចាកចេញពីអ្នក ឬអ្នកខ្លួនឯងបណ្តោយអោយគេចាកចេញដោយខ្លួនឯង? អ្នកអាចពិចារណាចំនុចខាងក្រោមនេះ បើអ្នកមាននូវចំនុចណាមួយ អ្នកក៏អាចជាចំនែកមួយនៃការចាកចេញរបស់គេ។

1. ចូលចិត្តប្រើពាក្យ « បើគេស្រលាញ់យើង គេទិញនេះទិញនោះ គេធ្វើនេះ គេធ្វើនោះអោយយើងហើយ…»។ ស្នេហាប្រភេទនេះ គឺស្នេហាដែលគិតតែពីខ្លួនឯង ស្នេហាអាត្មានិយម។ ហេតុអ្វីមិនប្រើពាក្យថា «បើយើងស្រលាញ់គេមែន យើងគួរធ្វើអ្វីខ្លះដើម្បីបុរសដែលយើងស្រលាញ់?»។ បុរសល្អគេមិនរើសតែនារីដែលគិតថាទាមទារដើម្បីតែខ្លួនឯងនោះទេ ។ គេក៏ត្រូវការនារីដែលស្រលាញ់គេពិតប្រាកដ និងយកចិត្តទុកដាក់ចំពោះខ្លួនគេដែរ។

2. ចូលចិត្តប្រៀបធៀប និងដាក់សំពាធលើសេរីភាពបុរសដែលចូលមកក្នុងជីវិតរបស់ខ្លួន។ នារីភាគច្រើនចូលចិត្តអោយខាងប្រុសប្រៀបធៀប ជ្រើសរើស «រវាងអូន និងមិត្តភ័ក្តរួមការងារបង បងរើសយកមួយណា? »។ យូរៗទៅខាងប្រុសមានអារម្មណ៍ថា ខ្លួនគ្មានសិទ្ធសេរីភាពក្នុងការរស់នៅ ក្នុងការជួបជុំមិត្តភ័ក្ត ទាំងខ្លួនមិនទាន់បានរៀបការស្រួលបួលផង។ ហេតុនេះ អ្នកទុកជម្រើសអោយខាងប្រុសតែមួយគត់ គឺចាកចេញពីអ្នក។

3. ចូលចិត្តបង្ខំ / តម្រូវអោយខាងប្រុស Post រូបថតរបស់អ្នកឬជាមួយអ្នក ដើម្បីបង្ហាញថាខាងប្រុសពិតជាគិតច្បាស់លាស់ជាមួយអ្នក។ មនុស្សស្រីមួយចំនួនព្រោះតែបុរសដែលរាប់អានខ្លួនមិនសូវបង្អោះរូបថតរបស់ខ្លួន ក៏ខឹងសុំបែកក្រោមហេតុផលថា ខាងប្រុសមិនស្រលាញ់ខ្លួនស្មោះ។ តើអ្នកយក Facebook កំណត់លើទំហំក្តីស្រលាញ់របស់បុរសម្នាក់ដោយវិធីណា? បុរសខ្លះមិនចូលចិត្ត post រូបថតសង្សាររបស់គាត់ទេ គាត់ចង់រក្សាតម្លៃខាងស្រី រហូតដល់ថ្ងៃរៀបការទើបpostយកតែម្តង។ ឯបុរសខ្លះទៀត គឺគាត់មិនខ្វល់នឹង Facebook តែម្តង។ គាត់ចង់តែផ្តល់សេចក្តីស្រលាញ់អោយសង្សាររបស់គាត់ មិនផ្តោតលើការអួត ឬសំញ៉ែងលើ Facebook នោះទេ។

4. ឈ្លោះគ្នា បន្តិចបន្តួច Post drama លើ Facebook ។ ស្ត្រីមួយចំនួនគ្មានចិត្តនឹងនរ តែងតែយក Facebook ជាកន្លែងបញ្ចេញកំហឹង កន្លែង drama កន្លែងសោកសៅ។ ស្ត្រីបែបនេះ ពិបាកនឹងរក្សាបុរសល្អ ដែលហ្នឹងធឹងណាស់។

ជាចុងក្រោយ សូមមើលឡើងវិញ តើគេមិនច្បាស់ជាមួយអ្នក ឬអ្នកមិនច្បាស់ជាមួយគេ? តើអ្នកស្រលាញ់គេដើម្បីខ្លួនឯង ឬស្រលាញ់គេ ដើម្បីបានថែររក្សាគេ?
បើអ្នកគ្មានចំនុចណាមួយដូចខាងលើ នោះការចេញរបស់បុរសនោះ គឺដោយសារហេតុផលផ្ទាល់ខ្លួនរបស់គេ។

សេចក្តីស្រលាញ់ពិតប្រាកដ គឺការផ្តល់អោយចេតនាល្អដល់មនុស្សដែលខ្លួនស្រលាញ់ ការស្រលាញ់ដោយបរិសុទ្ធ ការស្រលាញ់ដែលមិនទាមទារដើម្បីខ្លួនឯង។

អត្ថបទដោយៈ Admin Rosmeanney
បើអ្នកចង់យល់ដឹងពីការគិតរបស់បុរស សូមអានសៀវភៅ «Act like a woman, think like a man»