ជាទម្លាប់នៃគ្រួសារខ្មែរយើង នៅពេលដែលមានភ្ញៀវទៅលេងផ្ទះ គឺយើងតែងតែយកទឹកក្តៅ ទឹកត្រជាក់ទៅទទួលភ្ញៀវជានិច្ច។
ប្លែកអីតែបច្ចុប្បន្ននេះ មានហាងលក់បាយ ភោជនីយដ្ឋានមួយចំនួន ដើម្បីចង់បានលុយបន្ថែម បានបែកគំនិតលក់អាហារ ប៉ុន្តែមិនមានទឹកតែ ទឹកត្រជាក់សម្រាប់ភ្ញៀវបរិភោគ។ នៅពេលភ្ញៀវញ៉ាំអាហាររួច គឺគាត់ត្រូវទិញទឹកសុទ្ធបន្ថែមពីលើអាហារ ប្រសិនបើគាត់ត្រូវការទឹកសម្រាប់ញ៉ាំ។
គិតគិតទៅ ការលក់ដូរបែបនេះ គឺហាក់ដូចជា៖
• អ្នកលក់ គិតតែពីយកចំនេញពីអតិថិជន គិតតែប្រាក់ចំណូល គិតតែពីបានលុយ
• អ្នកលក់ បានចូលរួមធ្វើអោយការប្រើប្រាស់ដបទឹកបរិសុទ្ធជ័រកើនឡើង ដោយភ្ញៀវត្រូវទិញញាំ។ បើគាត់មានទឹកតែ ត្រជាក់ ឬទឹកក្តៅក្នុងកែវជូនភ្ញៀវ នោះភ្ញៀវមិនចាំបាច់ប្រើទឹកសុទ្ធ ហើយក៏បានចូលរួមចំនែកកាត់បន្ថយសំរាមផ្លាកស្ទីកចូលទៅក្នុងបរិស្ថាន។
• ជាវប្បធម៌កំណាញ់ វប្បធម៌គិតតែពីលុយ ផ្ទុយពីវប្បធម៌រុះរាយរាក់ទាក់ ស្វាគមន៍របស់ជនជាតិខ្មែរយើង
សូមភោជនីយដ្ឋាន ហាងអាហារដែលមិនផ្តល់ទឹកសម្រាប់ភ្ញៀវបរិភោគ ពិចារណាឡើងវិញ។ យើងឃើញថា ឥឡូវនេះ សូម្បីហាងកាត់សក់ ហាងធ្វើក្រចក ធនាគារ ក៏មានទឹកជូនភ្ញៀវពិសារដែរ ចុះហេតុអ្វី យើងលក់បាយ លក់ម្ហូប បែរជាគ្មានទៅវិញ?
អត្ថបទដោយៈ Rosmeanney