រឿង មហិទ្ធិឫទ្ធិនៃការងារចំពោះមុខ

0
610

ដារី ជានារីក្រីក្រម្នាក់មានក្តីស្រមៃ​ចង់ក្លាយ​ជា​អ្នកមានជីវភាពធូរធារ​ ប៉ុន្តែ​ការងារ​របស់គាត់បច្ចុប្បន្ន គឺនៅ​ផ្ទះ ទទួលលាងចានអោយគេពេល​មាន​បុណ្យ​ទានផ្សេងៗ និង​ដាំបន្លែហូប​តិចតួច។ គាត់​អង្គុយ​គិត​ម្នាក់ឯងថា «តើខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​អោយបានចំណូល​ច្រើន បើ​មួយ​ថ្ងៃៗខ្ញុំរកចំណូល​មិនបាន១ម៉ឺនរៀលផង?» ក្រោយ​និយាយរួច នារីនោះ​មាន​ទឹកមុខ​ស្រពាត់ស្រពោន និង​ដកដង្ហើម​វែងៗជា​ច្រើន​ដង។

នៅថ្ងៃបន្ទាប់ នៅក្នុងពិធីរៀប​ការ​មួយ មេចុងភៅការបានហៅ​គាត់មកជួយ​លាង​ចាន។

«ដារី ហេតុអ្វី​ក្មួយ​អង្គុយលាង​ចាន​ ដោយទឹកមុខ​ស្រងូត​ស្រងាត់ម្ល៉េះ​ក្មួយ» អ៊ុំស្រី​មេចុងភៅ​សួរទៅកាន់ដារី។

«ខ្ញុំពិបាកចិត្តអ៊ុំ ដោយសារ​ចង់មាន​ជីវភាព​ធូរធារ ប៉ុន្តែ​មាន​មុខរបរ​តូច​តាច និង​ចំណូល​តិច​អ៊ុំ។» ដារី ឆ្លើយ​តប​ទៅ​កាន់​អ៊ុំ​ស្រីទាំង​ទឹកមុខ​ស្រពោន។

«ដារី ក្មួយ​ត្រូវ​ដឹង​ថា ពេល​យើង​ចង់ធ្វើ​អ្វីមួយ ហើយស្ថានភាព​ឥឡូវ​នេះហាក់ដូច​ជា​មិនធ្វើ​អោយ​យើង​បាន​សម្រេច​គោលដៅ ក្មួយ​មិនត្រូវ​អស់សង្ឃឹមឡើយ។ ក្មួយ​ត្រូវ​ផ្តោត​លើ​ការងារ​ដែល​មាន​ចំពោះ​មុខ ហើយ​ធ្វើការងារ​ចំពោះ​មុខ​នេះអោយ​បានល្អបំផុត។ នៅពេល​ដែល​យើង​ធ្វើការងារ​ចំពោះ​មុខបានល្អបំផុត​ហើយនោះ ការងារ​នោះ​នឹង​បង្ហាញផ្លូវ​អោយ​យើងទៅ​ដល់​គោលដៅ​ដែល​ក្មួយ​ចង់បាន។» អ៊ុំស្រី ពន្យល់ទៅដារី។

«តើ​ការងារ​ចំពោះ​មុខ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ គឺ​ជាអ្វីអ៊ុំ?» ដារីសួរទៅកាន់​អ៊ុំស្រី។

«ការងារ​ចំពោះមុខ​របស់​ក្មួយ​គឺ​ការងារ​លាងចាន​អោយបានស្អាត លឿន និង​ផ្ចិតផ្ចង់។ ហើយ​ក្មួយ​ត្រូវ​ធ្វើ​ការងារ​ចំពោះ​មុខចំពោះ​ខ្លួន​ក្មួយទៀត​ដូច​ជា រៀបចំផ្ទះ រៀបចំអាហារសម្រាប់​គ្រួសារ​ ដាំ​បន្លែ និង​ថែទាំ​សុខ​ភាព​គ្រួសារ រួម​ទាំង​រៀន​អាន​អក្សរ​បានច្រើន​ក្មួយ។» អ៊ុំស្រីឆ្លើយ​តបទៅ ដារី។

«អូហ ខ្ញុំ​យល់ហើយអ៊ុំស្រី។ ចាប់ពីពេល​នេះទៅ ខ្ញុំ​នឹង​មិនខ្ចះខ្ជាយ​ចំពោះ​ការងារ​ចំពោះ​មុខ​ទៀ​ត​ឡើយអ៊ុំ។ ការងារ​ចំពោះ​មុខ​ នឹង​បង្ហាញ​ផ្លូវ​បន្ទាប់សម្រាប់ខ្ញុំ​ នៅពេល​ដែល​ខ្ញុំធ្វើ​វា​បាន​យ៉ាង​ល្អ។» ដារី ឆ្លើយ​តប​ទៅ​អ៊ុំស្រី។

ចាប់តាំងពីពេល​នោះមក គាត់មិនត្រឹមតែដាំ​បន្លែសម្រាប់ញុំា គាត់ក៏ដាំ​បន្លែ​សម្រាប់លក់​ផងដែរ។ ​ ក្រៅពីនោះ ដាវីធ្វើការលាង​ចានបានស្អាតល្អ រួច​ត្រូវ​បាន​ម្ចាស់ចុង​ភៅហៅគាត់​អោយ​ធ្វើ​ការងារ​ជាមួយ​គាត់​ជាប់ជានិច្ច។ ដោយសារ​ឃើញដារី ធ្វើ​ការបាន​ល្អ និង​ឧស្សាហ៍ព្យាយាម​ គាត់បានដំឡើង​ដំណែង​ដារីពីអ្នកលាងសំអាតទៅ ជំនួយ​ការ​ចុង​ភៅ រួ​ច​មក​ក៏​ក្លាយ​ជា​មេចុង​ភៅ។ ក្រោយពីមាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ដារី ក៏បាន​លាឈប់ធ្វើ​ការ​ជាមួយ​អ៊ុំស្រី រួច​ក៏ក្លាយ​ជា​ថៅមេចុងភៅ ទទួល​រៀប​ចំម្ហូបអាហារ​នៅក្នុង​ពិធីបុណ្យ ពិធីមង្គលការផ្សេងៗ ហើយ​នាង​ក៏ក្លាយ​ជា​អ្នកមានទ្រព្យ​សម្បត្តិដូច​អ្វីដែល​គាត់​ចង់បាន។

គតិអប់រំ៖

នៅពេល​ដែ​លយើង​ចង់សម្រេច​រឿង​មួយ​ដែល​យើងប៉ង​ប្រាថ្នា ដំបូង​យើង​ត្រូវ​ធ្វើ​ការងារ​ដែល​មាន​ចំពោះ​មុខ​អោយបាន​ល្អបំផុត។ បន្ទាប់មក ការងារនោះ​នឹ​ង​បង្ហាញ​ផ្លូវ​សម្រាប់យើង ដើម្បីឆ្ពោះ ទៅដល់គោលដល់ដែល​យើង​ចង់សម្រេច​បាន។ ប្រសិន​បើ​យើង​នៅ​បាក់ទឹកចិត្ត បណ្តែត​បណ្តោយ​មិនធ្វើ​ការងារ​ចំពោះ​មុខ នោះទេវតា​ក៏មិនអាច​ជួយ​យើង​បាន​ឡើយ។

និពន្ធ​ដោយ៖ ទឹកតែ