ដារី ជានារីក្រីក្រម្នាក់មានក្តីស្រមៃចង់ក្លាយជាអ្នកមានជីវភាពធូរធារ ប៉ុន្តែការងាររបស់គាត់បច្ចុប្បន្ន គឺនៅផ្ទះ ទទួលលាងចានអោយគេពេលមានបុណ្យទានផ្សេងៗ និងដាំបន្លែហូបតិចតួច។ គាត់អង្គុយគិតម្នាក់ឯងថា «តើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីអោយបានចំណូលច្រើន បើមួយថ្ងៃៗខ្ញុំរកចំណូលមិនបាន១ម៉ឺនរៀលផង?» ក្រោយនិយាយរួច នារីនោះមានទឹកមុខស្រពាត់ស្រពោន និងដកដង្ហើមវែងៗជាច្រើនដង។
នៅថ្ងៃបន្ទាប់ នៅក្នុងពិធីរៀបការមួយ មេចុងភៅការបានហៅគាត់មកជួយលាងចាន។
«ដារី ហេតុអ្វីក្មួយអង្គុយលាងចាន ដោយទឹកមុខស្រងូតស្រងាត់ម្ល៉េះក្មួយ» អ៊ុំស្រីមេចុងភៅសួរទៅកាន់ដារី។
«ខ្ញុំពិបាកចិត្តអ៊ុំ ដោយសារចង់មានជីវភាពធូរធារ ប៉ុន្តែមានមុខរបរតូចតាច និងចំណូលតិចអ៊ុំ។» ដារី ឆ្លើយតបទៅកាន់អ៊ុំស្រីទាំងទឹកមុខស្រពោន។
«ដារី ក្មួយត្រូវដឹងថា ពេលយើងចង់ធ្វើអ្វីមួយ ហើយស្ថានភាពឥឡូវនេះហាក់ដូចជាមិនធ្វើអោយយើងបានសម្រេចគោលដៅ ក្មួយមិនត្រូវអស់សង្ឃឹមឡើយ។ ក្មួយត្រូវផ្តោតលើការងារដែលមានចំពោះមុខ ហើយធ្វើការងារចំពោះមុខនេះអោយបានល្អបំផុត។ នៅពេលដែលយើងធ្វើការងារចំពោះមុខបានល្អបំផុតហើយនោះ ការងារនោះនឹងបង្ហាញផ្លូវអោយយើងទៅដល់គោលដៅដែលក្មួយចង់បាន។» អ៊ុំស្រី ពន្យល់ទៅដារី។
«តើការងារចំពោះមុខដែលខ្ញុំត្រូវធ្វើ គឺជាអ្វីអ៊ុំ?» ដារីសួរទៅកាន់អ៊ុំស្រី។
«ការងារចំពោះមុខរបស់ក្មួយគឺការងារលាងចានអោយបានស្អាត លឿន និងផ្ចិតផ្ចង់។ ហើយក្មួយត្រូវធ្វើការងារចំពោះមុខចំពោះខ្លួនក្មួយទៀតដូចជា រៀបចំផ្ទះ រៀបចំអាហារសម្រាប់គ្រួសារ ដាំបន្លែ និងថែទាំសុខភាពគ្រួសារ រួមទាំងរៀនអានអក្សរបានច្រើនក្មួយ។» អ៊ុំស្រីឆ្លើយតបទៅ ដារី។
«អូហ ខ្ញុំយល់ហើយអ៊ុំស្រី។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងមិនខ្ចះខ្ជាយចំពោះការងារចំពោះមុខទៀតឡើយអ៊ុំ។ ការងារចំពោះមុខ នឹងបង្ហាញផ្លូវបន្ទាប់សម្រាប់ខ្ញុំ នៅពេលដែលខ្ញុំធ្វើវាបានយ៉ាងល្អ។» ដារី ឆ្លើយតបទៅអ៊ុំស្រី។
ចាប់តាំងពីពេលនោះមក គាត់មិនត្រឹមតែដាំបន្លែសម្រាប់ញុំា គាត់ក៏ដាំបន្លែសម្រាប់លក់ផងដែរ។ ក្រៅពីនោះ ដាវីធ្វើការលាងចានបានស្អាតល្អ រួចត្រូវបានម្ចាស់ចុងភៅហៅគាត់អោយធ្វើការងារជាមួយគាត់ជាប់ជានិច្ច។ ដោយសារឃើញដារី ធ្វើការបានល្អ និងឧស្សាហ៍ព្យាយាម គាត់បានដំឡើងដំណែងដារីពីអ្នកលាងសំអាតទៅ ជំនួយការចុងភៅ រួចមកក៏ក្លាយជាមេចុងភៅ។ ក្រោយពីមានបទពិសោធន៍ជាច្រើនឆ្នាំ ដារី ក៏បានលាឈប់ធ្វើការជាមួយអ៊ុំស្រី រួចក៏ក្លាយជាថៅមេចុងភៅ ទទួលរៀបចំម្ហូបអាហារនៅក្នុងពិធីបុណ្យ ពិធីមង្គលការផ្សេងៗ ហើយនាងក៏ក្លាយជាអ្នកមានទ្រព្យសម្បត្តិដូចអ្វីដែលគាត់ចង់បាន។
គតិអប់រំ៖
នៅពេលដែលយើងចង់សម្រេចរឿងមួយដែលយើងប៉ងប្រាថ្នា ដំបូងយើងត្រូវធ្វើការងារដែលមានចំពោះមុខអោយបានល្អបំផុត។ បន្ទាប់មក ការងារនោះនឹងបង្ហាញផ្លូវសម្រាប់យើង ដើម្បីឆ្ពោះ ទៅដល់គោលដល់ដែលយើងចង់សម្រេចបាន។ ប្រសិនបើយើងនៅបាក់ទឹកចិត្ត បណ្តែតបណ្តោយមិនធ្វើការងារចំពោះមុខ នោះទេវតាក៏មិនអាចជួយយើងបានឡើយ។
និពន្ធដោយ៖ ទឹកតែ