វិបស្សនា គឺជាការធ្វើសមាធិដើម្បីសំអាតចិត្តអោយបរិសុទ្ធផូរផង់។ ចិត្តបរិសុទ្ធផូរផង់ គឺជាចិត្តដែលមានលំនឹង ចិត្តមិនធ្លាក់ចុះ ឬ ប្រែប្រួលទៅតាមស្ថានការណ៍ដែលកើតឡើង។ ចិត្តបរិសុទ្ធ គឺជាចិត្តប្រាសចាក ការខឹង ច្រណែន ស្អប់ គុំគួន ការលោភលន់ សោកសៅ និងការខកបំណង។
តើអ្នកណាខ្លះអាចទៅវិបស្សនាបាន?
ជនគ្រប់រូបអាចទៅវិបស្សនាបាន ទាំងប្រុស ទាំងស្រី កូនក្មេង និងមនុស្សចាស់ គ្រប់ជាតិសាសន៍ គ្រប់សាសនា។
ហេតុអ្វីបានជាយើងចាំបាច់ទៅធ្វើវិបស្សនា?
ក្នុងជីវភាពរស់នៅសព្វថ្ងៃ គឺមានរឿងជាច្រើនដែលធ្វើអោយយើងខកបំណង ខ្វាយខ្វល់។ រឿងខ្លះដែលយើងចង់អោយកើត បែរជាវាមិនកើតឡើង ហើយរឿងខ្លះដែលយើងមិនចង់កើត បែរជាវាកើតឡើង។ ឧទាហរណ៍ ដូចជាយើងចង់មានលុយ ចង់អោយគេស្រលាញ់ តែបែរជាមិនកើតឡើង។ ផ្ទុយទៅវិញ ជំងឺឈឺថ្កាត់ផ្សេងៗ យើងមិនដែលចង់អោយវាកើតឡើង វាបែរជាកើតឡើង។ នៅពេលដែលរឿងខុសពីចិត្តកើតឡើង យើងចាប់ផ្តើមមានប្រតិកម្មជាការខឹងសម្បារ ឬយំសោក ដែលនោះហើយគឺជាការធ្វើទុក្ខខ្លួនឯង។
វិបស្សនា ជួយអោយយើងប្រាសចាកពីការធ្វើប្រតិកម្មលើអ្វីដែលបានកើតឡើង ប្រាសចាកពីការធ្វើទុក្ខខ្លួនឯង។
តើយើងបានស្គាល់អ្វីខ្លះ ពីការធ្វើវិបស្សនា?
វិបស្សនា គឺធ្វើអោយយើងបានស្គាល់ខ្លួនឯងកាន់តែច្បាស់ យើងបានស្គាល់ពីអ្វីដែលមាននៅក្នុងខ្លួនតាមរយៈការធ្វើពិសោធន៍ដោយខ្លួនឯងផ្ទាល់។ យើងនឹងទទួលបទពិសោធន៍ថា នៅពេលដែលយើងខឹងនរណាម្នាក់ គឺច្បាស់ណាស់ថាយើងធ្វើទុក្ខខ្លួនឯង ដោយវេទនាកើតឡើងនៅលើខ្លួនយើងផ្ទាល់ មិនមែននៅលើខ្លួនបុគ្គលដែលយើងខឹងឡើយ។
តើមានអ្វីផ្លាស់ប្តូរក្រោយការធ្វើវិបស្សនា?
ក្រោយការធ្វើវិបស្សនា នឹងមានរឿងជាច្រើនផ្លាស់ប្តូរ៖
ដំបូង អ្នកនឹងកាត់បន្ថយការធ្វើទុក្ខខ្លួនឯង។ នៅពេលមានរឿងអ្វីមួយកើតឡើង អ្នកនឹងមិនមានប្រតិកម្មខ្លាំងៗដូចពីមុនឡើយ។ អ្នកអាចកាត់បន្ថយការខឹង និង ទប់កំហឹងរបស់ខ្លួន។ អ្នកនឹងអាចកាត់បន្ថយការញៀនមួយចំនួន ដូចជា ការញៀនស្រា ញៀនបារី ស្រីញី ប្រុសឈ្មោល ជាដើម។ ក្រោយវិបស្សនា សុខភាពផ្លូវចិត្តរបស់បុគ្គលនោះនឹងប្រសើរឡើង ហើយសុខភាពផ្លូវកាយក៏ប្រសើរឡើងជារឿយៗ។
ទីពីរ អ្នកនឹងកាត់បន្ថយការបង្កទុក្ខទោសទៅលើអ្នកដទៃ ឬ អ្នកដែលនៅក្បែរខ្លួន។ ដោយហេតុថាអ្នកកាត់បន្ថយការធ្វើទុក្ខទោសខ្លួនឯង នោះអ្នកក៏នឹងបន្ថយទុក្ខទោសអ្នកនៅជុំវិញខ្លួនដូចជា ប្តី/ប្រពន្ទ ឬ គ្រួសាររបស់់អ្នក។ អ្នកធ្វើវិបស្សនា នឹងរក្សាសីល៥ យ៉ាងខ្ចាប់ខ្ជួន។ អ្នកវិបស្សនាដែលរក្សាសីលខ្ចាប់ខ្ជួន នឹងមិនទៅបំផ្លាញសេចក្តីសុខរបស់សព្វសត្វដទៃទៀតឡើយ។
ទីបី អ្នកបានត្រៀមខ្លួនចំពោះហេតុការណ៍ណាមួយដែលនឹងកើតឡើងចំពោះខ្លួនអ្នក ដូចជាការ ឈឺ ស្លាប់ ឬ ការព្រាត់ប្រាសប្តីប្រពន្ធ កូនជាទីស្រលាញ់។ អ្នកនឹងពិសោធន៍យ៉ាងច្បាស់ថា គ្រប់យ៉ាងនៅលើលោកសុទ្ធតែមិនទៀង ។ កើតហើយក៏ស្លាប់ទៅតាមកម្មពៀររបស់បុគ្គលនោះ។ រឿងគ្រប់យ៉ាង ដែលកើតឡើងសុទ្ធតែមានហេតុរបស់វា មិនមែនកើតឡើងដោយចៃដន្យឡើយ។
ហេតុនេះ ក្នុងនាមជាអ្នកដែលបានចូលរួមការធ្វើវិបស្សនារួចហើយ ខ្ញុំសូមណែនាំអ្នកដែលមិនទាន់ទៅធ្វើវិបស្សនា សូមព្យាយាមទៅអោយបានម្តងដើម្បីបានស្គាល់រសជាតិពិតប្រាកដរបស់វិបស្សនា។
អ្នកអាចចុះឈ្មោះតាមរយៈ អាសយដ្ឋានដូចខាងក្រោម៖
ធម្មលដ្ឋិកា
អាសយដ្ឋាន៖ ភ្នំទ្រុងមាន់, ផ្លូវជាតិលេខ ៥៧, បាត់ដំបង, កម្ពុជា
ទូរសព្ទ៖ ០៩៦ ៥៥៣៥ ៧៧៧, ០៩២ ៩៣១ ៦៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.latthika.dhamma.org
ធម្មកម្ពុជា
អាសយដ្ឋាន៖ ភូមិរលួស, ផ្លូវជាតិលេខ ៧១, កំពង់ចាម, កម្ពុជា
ទូរសព្ទ៖ ០៧៧ ២៣៣ ៧៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kamboja.dhamma.org
អត្ថបទដោយ៖ Admin Rosmeanney