នៅក្នុងសង្គមដែលអោយតម្លៃទៅលើសំភារៈខាងក្រៅ បានធ្វើឲ្យមនុស្សម្នាស្រវាស្រទេញរិះរកគ្រប់មធ្យោបាយដើម្បីបង្គើនប្រាក់ចំណូលរបស់ខ្លួន ដើម្បីរត់អោយទាន់សំភារៈដែលគេត្រូវការ។ នៅក្នុងនេះផងដែរ អ្វីដែលគេឃើញជាញឹកញាប់គឺការទារ Commission ដែលបុគ្គលិកផ្នែកទិញទារពីអ្នកលក់ទំនិញ/សេវាកម្ម។ ឥឡូវនេះ សូមមកពិចារណាទាំងអស់គ្នា ថាតើបុគ្គលិកផ្នែកបញ្ជាទិញគួរសុំ Commission ពីអ្នកលក់ដែរឬទេ?
- ក្នុងនាមជាបុគ្គលិករបស់ក្រុមហ៊ុនមួយ អ្នកបានទទួលប្រាក់បៀវត្សន៍ក្នុងការបំពេញការងាររបស់ខ្លួន។ អ្នកមានកាតព្វកិច្ចទិញទំនិញ/សេវាកម្ម ដែលគុណភាពល្អនិងមានតម្លៃទាបជាងទីផ្សារតាមដែលអ្នកអាចធ្វើទៅបាន។ ហេតុដូចនេះ ហេតុអ្វីបានជាអ្នកទៅទារលុយក្រៅ (Commission) ពីអ្នកលក់ទៅវិញ? ព្រោះវាជាកាតព្វកិច្ចរបស់អ្នក។ អ្នកមិនអាចនិយាយថា អ្នកខំនាំម៉ូយមកជួយទិញក្រុមហ៊ុននេះ/ក្រុមហ៊ុននោះបានឡើយ។
- នៅពេលហាមាត់សុំ Commission ពីអ្នកលក់ វាហាក់ដូចជាអ្នកបានបើកស្បែកមុខដ៏ល្អរបស់អ្នក រួចបញ្ចេញមុខចចករបស់អ្នកអោយអ្នកដទៃបានឃើញ។ ចាប់ពីថ្ងៃនេះទៅ អ្នកបានបាត់តម្លៃនិងសេចក្តីថ្លៃថ្នូររបស់អ្នក។ ថ្ងៃណាមួយដែលអ្នកដើរក្រៅហើយជួបជាមួយអ្នកលក់ដែលអោយCommission ទៅអ្នក អ្នកនឹងគ្មានតម្លៃ សេចក្តីថ្លៃថ្នូរ ភាពគួរអោយគោរពចំពោះរូបគេទៀតទេ។
- អ្នកកំពុងតែកេងចំណេញលើក្រុមហ៊ុនដែលជាឆ្នាំងបាយរបស់អ្នក ហាក់ដូចជាចាក់ទំលុះឆ្នាំងបាយរបស់ខ្លួនឯងជាបណ្តើរៗ។ ជាទូទៅ ចំពោះហាងទំនិញដែលលក់ជូនអ្នក គេមិនអាចលក់ទំនិញ/សេវាកម្មឲ្យអ្នកនៅក្នុងតម្លៃដែលទាបជាងទីផ្សារឡើយ ពីព្រោះបើអោយ Commission រួមនឹងតម្លៃទាបទៀត មានន័យថាក្រុមហ៊ុននោះនឹងចំណេញបានតិចតួចបំផុត។ ហេតុនេះ វាជាក់ស្តែងណាស់ ដែលក្រុមហ៊ុនរបស់អ្នកនឹងត្រូវចំណាយច្រើនលើការទិញទំនិញដែលមានតម្លៃថ្លៃជាងទីផ្សារ ដែលជាការខាតបង់មួយសម្រាប់ក្រុមហ៊ុនដែលអ្នកកំពុងធ្វើការអោយ។
សេចក្តីថ្លៃថ្នូរ ភាពជឿជាក់ ភាពមានតម្លៃរបស់អ្នក បើបាត់បង់ហើយ មិនងាយនឹងធ្វើឲ្យត្រលប់មកវិញដោយងាយឡើយ។ ចូររកប្រាក់កម្រៃទៅតាមសមត្ថភាពនិងភាពត្រឹមត្រូវ កុំឃើញគេទារ commission ក៏ធ្វើតាមគេ។
ហេតុនេះ សូមសម្រេចចិត្តធ្វើជាអ្នកបញ្ជារទិញដ៏ល្អ!
អត្ថបទដោយ៖ Admin