តើសីល ៥ មានអ្វីខ្លះ? ហើយមានអត្ថប្រយោជន៍យ៉ាងដូម្តេចខ្លះចំពោះអ្នកប្រតិបត្តិ និងសង្គមជាតិ?

0
4193
photo by dharma-documentaries.net

សីល ៥ មានដូចខាងក្រោម៖

1. វៀចាកការសំលាប់សត្វ
2. វៀចាកការលួចទ្រព្យសម្បត្តិអ្នកដទៃ
3. វៀចាកការប្រព្រឹត្តខុសក្នុងកាម
4. វៀកចាកការនិយាយកុហក និយាយញ៉ុំះញុង និយាយរោយរាយឥតប្រយោជន៍
5. វៀចាកការផឹកគ្រឿងស្រវឹង គ្រឿងញៀនផ្សេងៗ

អត្ថប្រយោជន៍ចំពោះអ្នកប្រត្តិបត្តសីល ៥ និង​សង្គមជាតិ ៖

1. អ្នកមានសន្តិភាពនៅក្នុងចិត្ត ដោយសារអ្នកមិនបានទៅសំលាប់ជីវិតអ្នកដទៃ ។ អ្នកដឹងច្បាស់ថា អ្នកស្រលាញ់ជីវិតខ្លួនឯង ហេតុនេះគ្រប់សត្វទាំងអស់មិនថាធំឬតូចសុទ្ធតែស្រលាញ់ជីវិតរបស់គេដូចគ្នា។ សង្គមដែលមានអ្នកប្រត្តិបត្តសីលទី១ នេះ នឹងមិនមានការលួចកាប់សំលាប់គ្នា មិនមានឃាតកម្មកើតឡើងផ្សេងៗ។

2. វៀចាកការលួចទ្រព្យសម្បត្តិអ្នកដទៃៈ បើគ្រប់គ្នាប្រត្តិបត្តិសីលទី២ នោះសង្គមយើងនឹងមិនមានអំពើចោរកម្ម ចោរលួច។ គ្រប់គ្នាអាចទុកសំភារៈនៅគ្រប់កន្លែង ហើយមានសុវត្ថិភាព។ យើងមិនមានភាពក្តៅក្រហាយពីការបាត់បង់សំភារៈជាទីស្រលាញ់ទៅលើចោរ ហើយក៏អាចរក្សាជិវិតដែលបាត់បង់ដោយសារចោរឆក់កាបូបតាមផ្លូវជាដើម។

3. វៀចាកការប្រព្រឹត្តខុសក្នុងកាមៈ បើអ្នកក្បត់ចិត្តភរិយា ស្វាមី គឺអ្នកបានធ្វើអោយបាត់បង់សន្តិភាព សេចក្តីសុខក្នុងចិត្តរបស់ដៃគូររបស់អ្នក ហើយអ្នកក៏ធ្វើអោយខ្លួនឯងបាត់បង់សន្តិភាពនៅក្នុងចិត្តដូចគ្នា។ នៅពេលដែលប្តីប្រពន្ធ រក្សាសីលទី៣ នេះ គឺនៅក្នុងសង្គមមិនបាច់មានបនពេស្យាចារ មិនមានឆ្លងជំងឺអេដស៍ ជំងឺកាមរោគផ្សេងៗ។ មិនមានប្រពន្ធដើមតាមឈ្លោះប្រពន្ធចុង ប្រពន្ធចុង ធ្វើបាបចិត្តប្រពន្ធដើម ។

4. វៀកចាកការនិយាយកុហកនិយាយញ៉ុំះញ៉ុង និយាយរោយរាយឥតប្រយោជន៍ៈ អ្នកដែលមិននិយាយកុហក ជាមនុស្សស្មោះត្រង់ដែលអ្នកដទៃគោរព ស្រលាញ់រាប់អាន។ ជាពិសេស អ្នករក្សាសីលនេះ គឺមិនបានផ្តល់ពត៌មានមិនពិតទៅកាន់អ្នកជុំវិញ បានជួយធ្វើអោយគ្មានការមួលបង្កាច់ លាបពណ៍ បង្ខូចកេរឈ្មោះអ្នកដទៃជាដើម។

5. វៀចាកការផឹកគ្រឿងស្រវឹង គ្រឿងញៀនផ្សេងៗ៖ បើគ្រប់គ្នាមិនផឹកគ្រឿងស្រវឹង គ្រឿងញៀនផ្សេងៗ នោះគ្រប់គ្នានឹងទទួលបាន៖

-កាត់បន្ថយជម្លោះនៅក្នុងគ្រួសារ ប្តីប្រពន្ធមិនវាយតប់គ្នា
-កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតលើដងផ្លូវ
-កាត់បន្ថយអំពើចោរកម្មដែលកើតឡើងពីការញៀនថ្នាំ
-សុខភាពប្រសើរឡើងដោយការមិនផឹកគ្រឿងស្រវឹង
-មានស្មារតីនឹងន ច្បាស់លាស់ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ

ចូលរួមទាំងអស់គ្នាក្នុងការប្រតិបត្តិសីល ៥ ដើម្បីអោយសង្គមយើងក្លាយជាសង្គមដែល៖

• គ្រប់សត្វទាំងអស់អាចរស់នៅដោយពេញលេញ មិនមានការកាប់សំលាប់គ្នា

• សង្គមដែលអាចទុកដាក់សំភារៈ ទ្រព្យសម្បត្តិផ្សេងៗដែលគ្មានការបាត់បង់

• សង្គមដែលគ្មានបនស្រី ពេស្យាចារ អំពើផិតក្បត់កើតឡើង

• សង្គមដែលមានពលរដ្ឋស្មោះត្រង់ គ្មានការភូតកុហកលាបពណ៍

• សង្គមដែលគ្មានមនុស្សប្រមឹក មនុស្សផឹកស្រារឡេរឡូពេញផ្លូវ

• សង្គមដែលគ្មានគ្រឿងញៀន

• សង្គមដែលមានធម្មជាតិស្រស់បំព្រង

អ្នកអាចចាប់ផ្តើមនៅថ្ងៃនេះបាន ដើម្បីសន្តិភាព ភារតភាព សុខុដុមរមនា នៃជីវិតសព្វសត្វទាំងអស់។

អត្ថបទដោយ : Admin Rosmeanney