ធាតុបី ដែលថៅកែត្រូវរកឲ្យឃើញមុននឹងជួលបុគ្គលិកណាម្នាក់?

0
3710

បុគ្គលិក​ គឺ​ជា​ធនធាន​ដ៏សំខាន់​របស់​ក្រុមហ៊ុន ហេតុ​នេះ​ការ​ជ្រើសរើស​បុគ្គលិក​ល្អ​អោយចូល​ធ្វើ​ការ​គឺ​កត្តា​ដ៏​ចាំ​បាច់​មិន​អា​ច​មើល​រំលង​បាន។ ថៅ​កែ​ឬ​អ្នក​ដឹក​នាំ​ដែល​ឆ្លាស​វៃ ​តែង​តែប្រើពេល​​ចូល​រួម​ចំនែក​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​ចូល​បំរើការងារ​នៅ​ក្នុង​អង្គភាព​របស់ខ្លួន។ អត្ថបទ​ខាង​ក្រោមនេះ នឹង​បង្ហាញ​ពី​កត្តា​បី​ចំនុច​ដែល​អ្នក​ត្រូវ​រកឲ្យឃើញនៅ​ពេល​ជ្រើស​រើស​បុគ្គលិក​ណា​ម្នាក់។

  1. រូបរាង​កាយ​ សុខភាព​ ជំនាញ

បុគ្គលិក​ដែល​មាន​ប្រសិទ្ធភាព គឺ​ជា​បុគ្គលិក​ដែល​មាន​សុខ​ភាព​ល្អ​ និង​មាន​ជំនាញ​ក្នុង​ការ​អនុវត្ត​ការងារ​។ ជំនាញ​នៅ​ទី​នេះ​ គឺ​សំដៅ​ទៅ​លើ ​Skills ដែល​បុគ្គលិក​នោះ​មាន​ដូច​ជា ការ​ចេះ​ប្រើ​ប្រាស់កុំព្យូរ​ទ័រ ការ​ចេះ​គូរ​ប្លង់ ។ល។ មាន​សុខភាព​ល្អ គឺ​ជា​កត្តា​ទី​មួយ​ ដើម្បី​អាច​បំពេញការងារ​បាន ហើយសូម​ជ្រើស​រើស​បុគ្គលិក​ដែល​មាន​សុខ​ភាព​ល្អ​។

  1. ចំនេះ​ដឹង​

ចំនេះ​ដឹងនៅ​ទីនេះ​ គឺ​សំដៅ​ទៅ​លើ​ចំនេះវិជ្ជា​ដែល​បុគ្គល​នោះ​ត្រូវ​មាន​ដើម្បី​បំរើការងារ​ ដូច​ជា​ចំនេះ​ដឹង​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ចំនេះ​ដឹង​ក្នុងការ​គ្រប់គ្រង​ហាង​ទំនិញ ចំនេះ​ដឹង​ក្នុង​ការ​រក្សា​ចិត្ត​អតិថិជន​ ជាដើម។ ជា​ទូទៅ​បុគ្គលិក​ថ្មី មិន​អាច​មាន​គ្រប់ចំនុច​ដែល​ថៅ​កែ​ចង់​បាន​ឡើយ ហេតុ​នេះ​ពួក​គេ​ត្រូវ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល ដើម្បី​ទទួល​បាន​ចំនេះដឹង​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ការងារ​។

  1. បេះដូង/ឆន្ទះ (Heart)

ផ្នែក​ដែល​សំខាន់​ដែល​មិន​អាច​ខ្វះ​​បាន​នោះ​គឺ បេះ​ដូង​ឬ​ឆន្ទះ​ ក្នុង​ការ​អនុវត្តការងារ​របស់​បុគ្គលិក​។ បុគ្គលិក​ដែល​មាន​ឆន្ទះ តែង​តែរិះ​រក​គ្រប់មធ្យោបាយដើម្បី​សម្រេច​ការងារ​របស់ខ្លួន​ ហើយ​ពួកគេ​តែង​តែ​ប្រឹង​ប្រែង​រកគំនិតថ្មី​ដើម្បី​អោយ​ក្រុមហ៊ុន​រីកចម្រើន។  ​បុគ្គលិក​ដែល​មាន​ឆន្ទះ តែ​ខ្វះ​ចំនេះ​ដឹង​គឺ​អាចបណ្តុះ​បណ្តាល​បាន​ ប៉ុន្តែ​បើ​មាន​ចំនេះ​ដឹង​ តែ​ខ្វះ​ឆន្ទះ​គឺ​ពិបាក​ណាស់​ក្នុង​ការ​បណ្តុះ​បណ្តាល​។ វា​មិន​មែន​ជា​រឿង​ងាយ​ទេ ដែល​ត្រូវ​បង្រៀន​មនុស្ស​ម្នាក់​​ឲ្យ​ចេះ​ស្រលាញ់​និង​មាន​ឆន្ទះ​មុះ​មុតក្នុងការ​ងារ​ណាមួយ។

ហេតុនេះ​ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ ថ្នាក់​គ្រប់គ្រង​ ត្រូវ​សង្គេត​មើល​បុគ្គលិក​របស់​ខ្លួន តើ​ពួក​គេ​មាន​ចំនុច​ទាំង​បីនេះ​ទេ។ អ្ន​កគួរ​ជ្រើស​រើស​បុគ្គលិក​ដែល​មាន​បេះ​ដូង​ស្រលាញ់​ការងារ​ ជាជាង​ជ្រើស​រើស​បុគ្គលិក​ដែល​មាន​ចំនេះ​ដឹង​ពេញ​ខ្លួន តែ​គ្មាន​ឆន្ទះ​ក្នុង​ការ​អនុវត្ត​ការងារ​។

អត្ថបទដោយ៖ Rosmeanney