វិធីសាស្ត្ររៀន​ពី​សិស្ស​បាត​ថ្នាក់ ​ក្លាយ​ជា​សិស្ស​ឆ្នើម

0
3969

ក្នុងនាមជាសិស្ស-និសិ្សតមិនថានរណាជានរណាទេ តែងតែចង់ឲ្យការសិក្សារបស់ខ្លួន ទទួលបានជោគជ័យ។ សិស្សមួយចំនួនខិតខំប្រឹងប្រែងដែរ តែផលនៃការសិក្សាហាក់មិន ពេញបំណងដែលគេចង់បាន រហូតដល់អ្នកខ្លះគិតថា« ខ្លួនកើតមកមិនឆ្លាតដូចគេ ឬ ខួរក្បាលខ្លួនអន់មិនអាចរៀនពូកែដូចអ្នកដទៃនោះទេ»។ ប្រសិនបើអ្នកស្ថិតនៅក្នុងការគិតបែបនេះ យើងខ្ញុំសូមចូលរួមចែករំលែកគន្លឹះសំខាន់ៗដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សា មិនថាអ្នកជាអ្នកណា កូនអ្នកក្រឬកូនអ្នកមាននោះទេ។ គន្លឹះដើម្បីទទួលឲ្យបានជោគជ័យនៅក្នុងការសិក្សា មានដូចខាងក្រោម៖

  1. ជំនឿជាក់ដ៏ត្រឹមត្រូវ

ត្រង់ចំណុចនេះ ដំបូងអ្នកទាំងអស់គ្នាត្រូវលប់បំបាត់គំនិតដែលថាខ្លួនអ្នកអត់ជាងអ្នកដទៃ ឬខួរក្បាលអ្នកមិនឆ្លាតដូចគេជាមុនសិន។ ចូរអ្នកចងចាំថា «អ្នកជាមនុស្សដ៏ពិសេសម្នាក់ អ្នកមាននូវចំណុចខ្លាំងដែលអ្នកដទៃគ្មាន អ្នកគឺមានតែមួយលើលោក»។ មានពំនោលមួយពោលថា « ការសិក្សាប្រៀបបានទៅនឹងការស៊ប់ទឹកពីអណ្តូងចាក់ចូលទៅក្នុងអាងទឹកមួយដែលគ្មានទឹកទាល់តែសោះ។ ពេលអ្នកចាក់បានមួយប៉ោតដំបូង អ្នកមិនអាចយកទឹកដែលចាក់ចូលមកប្រើ បានដោយងាយនោះទេ ទឹកនោះនឹងកករ អ្នកនឹងពិបាកដងដោយត្រូវឱនចូលអាង។ យ៉ាងណាម៉េច ការសិក្សាក៏ដូចច្នេះដែរ ពេលអ្នកទើបតែរៀនពីដំបូង អ្នកនឹងពិបាកយកចំនេះដឹង ដ៏តិចតួចនោះមកប្រើខ្លាំងណាស់  បើអ្នកធ្វើលំហាត់ក៏មិនសូវបានពិន្ទុះច្រើនដែរ។ កាលណាអ្នកស៊ប់ទឹកបានពេញអាង នោះអ្នកនឹងងាយស្រួលប្រើ ងាយស្រួលក្នុងការដងទឹកដោយមិនចាំបាច់ ឱនដូចមុន។ មានអ្នកខ្លះស៊ប់ទឹកចាក់ចូលក្នុងអាងក្រោយគេ ដោយគេបានស៊ប់ទឹកដាក់ក្នុងអាង​គេមុនខ្លួន ក៏កើតមានអារម្មណ៍ថាខ្លួនឯងមិនចេះដូចគេ មិនឆ្លាតដូចគេ។ តាមការពិតយើងគឺឆ្លាតដូច គ្នា គ្រាន់តែគេដើរមុនយើងមួយជំហ៊ានប៉ុណ្ណោះ។ ពីថ្ងៃនេះទៅ សូមបោះបង់ចោលគំនិតទុទិដ្ឋ និយមចំពោះខ្លួនឯង។ មនុស្សម្នាក់ៗកើតមកតែងតែភ្ជាប់ជាមួយនៅភាពខ្លាំងជាពិសេសមួយ ដែលគ្មានអ្នកណាមានដូចឡើយ។

2.ទិចនិកនៅក្នុងការសិក្សា

រាល់ការធ្វើអ្វីក៏ដោយ គឺត្រូវប្រើបច្ចេកទេសដើម្បីឲ្យការងាររបស់យើងឆាប់បានសម្រេច ចំណេញពេលវេលា និង ចំណេញកម្លាំង ហើយយើងមិនត្រូវប្រើតែកម្លាំងប្រឹងប្រែងតែមួយ មុខនោះទេ។ ឧទាហរណ៍ដូចជាមានយុវជនម្នាក់ គាត់បានប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីលើក រំលើងគល់ឈើមួយ គាត់បានប្រើពេលយ៉ាងយូរនិងកម្លាំងយ៉ាងច្រើនក៏នៅតែមិនទាន់សម្រេច បំណងរបស់គាត់។ ប៉ុន្តែមានយុវជនម្នាក់ទៀត អាចគាស់រំលើងគល់ឈើនោះបានដោយងាយ ងាយស្រួល ដោយសារតែគេប្រើឈ្នាស់។ ហេតុនេះ ដើម្បីជោគជ័យក្នុងការធ្វើអ្វីមួយ គឺត្រូវទាម ទារបច្ចេកទេស ឬ ទិចនិក។ បច្ចេកទេសនៅក្នុងការសិក្សាមានពីរបែប៖

  • ការរៀនតែម្នាក់ឯង៖
    • មានកាលវិភាគសម្រាប់ម៉ោងសិក្សានៅផ្ទះ៖ ការសរសេរកាលវិភាគសម្រាប់ការ សិក្សានៅផ្ទះគឺជាដាវទិព្វដ៏ចម្បង ដែលបុគ្គលជោគជ័យតែងតែប្រើប្រាស់។ ការ សរសេរកាលវិភាគ ជួយឲ្យអ្នកអាចកំណត់ពេលវេលារៀនសូត្ររបស់ខ្លួនបាន ច្បាស់លាស់។ ជាងនេះទៅទៀត បើសិនជាមុខវិជ្ជាណាអ្នករៀនខ្សោយជាងគេ អ្នកគួរកំណត់ពេលសិក្សាមុខវិជ្ជានោះឲ្យបានច្រើនជាងគេ។  កាលវិភាគនឹងប្រាប់ អ្នកថា អ្នកត្រូវធ្វើអ្វីបន្ទាប់ពីត្រលប់មកពីសិក្សានៅវិទ្យាល័យ ឬ មហាវិទ្យាល័យ។​ មានសិស្សខ្លះដោយសារតែមិនសរសេរកាលវិភាគសម្រាប់ខ្លួនឯងនៅផ្ទះ​ ធ្វើឲ្យ ពេលគេត្រលប់មកពីសាលាវិញ មិនដឹងត្រូវធ្វើអ្វី ក៏គិតថាខ្លួនទំនេរ រួចយកពេល វេលាដែលមានតម្លៃទៅដើរលេងឥតប្រយោជន៍។
    • ការជ្រើសរើសពេលវេលាស​ម្រាប់រៀនៈ
      • អ្នកគួរកំណត់ជ្រើសរើសយកពេលវេលាសម្រាប់រៀន ឲ្យត្រូវនឹងប្រភេទនៃ មុខវិជ្ជា។ ឧទាហរណ៍៖ អ្នកគួររៀនមុខវិជ្ជាអក្សរសាស្ត្រ មុខវិជ្ជាដែលត្រូវ ចងចាំ និង ទន្ទេញនៅពេលព្រឹក ពីព្រោះខួរក្បាលនៅពេលព្រឹកស្រលះល្អ និង ស្ងប់ស្ងាត់។ អ្នកគួររៀនមុខវិជ្ជាគណិតនៅពេលរសៀល ឬ ពេលយប់ ពីព្រោះវាជាពេលវេលាស្ងប់ អ្នកអាចផ្តោតអារម្មណ៍ និង អនុវត្តទ្រឹស្តី គណិតវិទ្យាដែលអ្នកបានសិក្សានៅពេលព្រឹកឬថ្ងៃ។ ការមានកាលវិភាគ ជួយឲ្យអ្នកអាចបែងចែកពេលសម្រាប់ជួយសម្រាលបន្ទុកការងារ របស់ ឪពុក ម្តាយបានមួយកំរិត។
    • ការជ្រើសរើសទីកន្លែងរៀន និង របៀបរៀន
      • ត្រូវជ្រើសរើសកន្លែងរៀនដែលស្ងប់ស្ងាត់ និងមិនមានសំលេងរំខានដើម្បី ឲ្យអ្នកងាយស្រួលក្នុងការផ្ចង់អារម្មណ៍។ អ្នកមិនគួររៀននៅមុខទូរទស្សន៍ នោះទេ ពីព្រោះការរៀននៅត្រង់នេះគឺអ្នកមិនអាចផ្ចង់អារម្មណ៍ឲ្យបានមូល ឡើយ ជាពិសេសអ្នកនឹងចំណាយពេលវេលារបស់អ្នកចោល និង មិនសូវ មានប្រសិទ្ធិភាពដូចអ្នកដែលរៀននៅកន្លែងស្ងប់ស្ងាត់ឡើយ។
      • ដើម្បីឲ្យរៀនបានយូរ និង ចំណេញពេលវេលា អ្នកគួររៀនដោយអង្គុយ គឺមិនត្រូវរៀនដោយដេកផ្គាប់ អង្គុយយោលអង្រឹង ឬ គេងលើគ្រែនោះទេ។ ពេលដែលអ្នកគេងរៀន​ ឬ យោលអង្រឹង ភាគច្រើនវាធ្វើឲ្យអ្នកឆាប់ងងុយ គេង ហើយគេងតែម្តងក៏មាន។ មានតែរៀនដោយអង្គុយទេ ដែលជួយឲ្យ អ្នកចំណេញពេលវេលា រៀនដោយបានយូរ និង មានប្រសិទ្ធិភាពខ្ពស់។
      • រៀនបានត្រឹម ៥០ នាទី ត្រូវសំរាកខួរក្បាលម្តង។ ដើម្បីកុំឲ្យខួរក្បាលរបស់ អ្នកឆាប់ក្តៅ និងឆាប់ថយចុះប្រសិទ្ធិភាព អ្នកគួរសំរាកឲ្របាន ១០ នាទី បន្ទាប់ពីការសិក្សាបាន ៥០ នាទី។ បន្ទាប់ពីសំរាកបាន ១០ នាទី អ្នកអាច សិក្សាបន្តបាន។ តែមិនត្រូវអាងលេស សំរាកក៏សំរាកយូរមិនព្រមត្រលប់ មករៀនវិញនោះទេ។
    • ការរៀនឲ្យទាន់គេៈ ប្រសិនបើអ្នកដឹងខ្លួនថា អ្នករៀនមិនទាន់គេ ឬមិនទាន់ពូកែដូច គេ ហើយអ្នកចង់រៀនពូកែបានឆាប់រហ័ស អ្នកអាចពិចារណានូវចំនុចដូចខាង ក្រោមនេះ៖
      • បើគេដើរ យើងរត់ៈ ឧទាហរណ៍ៈ បើគេដើរបាន ៤០ គ.ម ហើយអ្នកនៅត្រឹមចំនុច 0។ បើគេដើរដោយល្បឿន ២ គ.ម/ម៉ ហើយបើអ្នក ដើរដោយល្បឿនដូចគេ គឺមានន័យថា អ្នកគ្មានថ្ងៃដើរទាន់គេនោះទេ។ ហេតុនេះ អ្នកត្រូវរត់ និង បង្គើនល្បឿនទើបអ្នកអាចទាន់គេបាន។
  • ការរៀនជាក្រុម៖ មនុស្សខុសគ្នាមានវិធីសាស្ត្ររៀនសូត្រខុសគ្នា​ ដោយអ្នកខ្លះស៊ាំទៅនឹង ការរៀនតែម្នាក់ឯង ហើយអ្នកខ្លះទៀតចូលចិត្តរៀជុំគ្នា។ យ៉ាងណាមិញ ការរៀនជាក្រុម ផ្តល់នូវសារៈប្រយោជន៍យ៉ាងច្រើនដល់អ្នកសិក្សា។ នៅពេលដែលអ្នកមិន ចេះនូវចំណុច ណាមួយ អ្នកអាចសួរសមាជិកនៅក្នុងក្រុមរបស់អ្នកឲ្យគេជួយពន្យល់ ដែលអាចជួយ បង្គើនការយល់ដឹងរបស់អ្នក។ មួយវិញទៀត ការសិក្សាជាក្រុមជួយបង្កើនមិត្តភាពក្នុង ក្រុម និង ជាឱកាសរៀនសូត្រពីគ្នាទៅវិញទៅមក។

3. ការគ្រប់គ្រងខ្លួនឯង

បុគ្គលដែលជោគជ័យ គឺជាបុគ្គលដែលអាចគ្រប់គ្រងខ្លួនឯងបាន។ ការគ្រប់គ្រងខ្លួនឯងគឺ មានសារៈសំខាន់ណាស់ក្នុងការសិក្សា។ ឧទាហរណ៍៖ អ្នកដល់ពេលត្រូវរៀនភាសាអង់គ្លេស តែចិត្តរបស់អ្នកចង់មើលទូរទស្សន៍រឿងភាគដែលល្អមើល នៅពេលនោះបើអ្នកសម្រេចចិត្តជ្រើស រើសការមើលទូរទស្សន៍ នោះមានន័យថាអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន។ លទ្ធផលនៃការ គ្រប់គ្រងខ្លួនឯងមិនបានជាញឹកញាប់នឹងនាំឲ្យអ្នកក្លាយជាបុគ្គលបរាជ័យ ដោយមិនអាចសម្រេច នូវការងារដ៏ត្រឹមត្រូវរបស់ខ្លួនដែលបានកំណត់។

4. ការរៀនសូត្រពីវិធីសាស្ត្រសិក្សាល្អៗពីមិត្តរួមថ្នាក់ ឬ បុគ្គលជោគជ័យ

ការមិនព្រមដាក់ចិត្តរៀនសូត្រពីមនុស្សដែលនៅជុំវិញខ្លួន ដោយអាងថាខ្លួនឯងជាសិស្ស ពូកែ សិស្សឆ្លាត គឺជាចំនុចគន្លឹះនាំទៅរកការបរាជ័យ ជាពិសេសនៅពេលដែលមនុស្សដែល នៅជុំវិញអ្នក គេបើកចិត្តទូលាយសង្គេតមើលចំនុចខ្លាំងរបស់អ្នក ហើយយកវាទៅអនុវត្ត។ ជាលទ្ធផល សិស្សនោះនឹងរៀនបានរីកចំរើនជាមុនបន្តិចម្តងៗ ដោយសារគេបានភ្ជាប់ចូល គ្នានូវចំនុចខ្លាំងរបស់គេ និង ចំនុចខ្លាំងរបស់អ្នក។ ចំនែកអ្នកវិញ គឺមិនមានអ្វីដែលប្រសើរ ឡើងនោះទេ។ ហេតុនេះ សូមបើកចិត្តទូលាយទទួលយកនូវវិធីសាស្ត្រឬគន្លឹះជោគជ័យនៃ មិត្តរួមថ្នាក់របស់អ្នក ហើយរៀនសូត្រពីគេ។

5. មុនពេលចាប់ផ្តើមអាន ឬ រៀន

ជាធម្មតាសិស្សមួយចំនួនតែងតែធ្វើកិច្ចការអ្វីស្វែង មុននឹងចាប់ផ្តើមរៀនមុខវិជ្ជាដែលខ្លួន បានកំណត់ ដូចជា លេង Facebook, Twitter, game….etc។ ការធ្វើបែបនេះ វាមិនជួយឲ្យអ្នក ងាយស្រួលក្នុងការផ្ចង់អារម្មណ៌ឡើយ ហើយថែមទាំងធ្វើឲ្យអ្នកខាតពេលវេលាថែមទៀតផង ដោយសារតែអ្នកជក់លេងរបស់ទាំងនោះ។ ដូចច្នេះ ដើម្បីឲ្យការរៀនរបស់អ្នកកាន់តែមាន ប្រសិទ្ធិភាព សូមអ្នកព្យាយាមគិតនិងផ្ចង់អារម្មណ៌ទៅលើអ្វីដែលអ្នកនឹងត្រូវរៀននោះយ៉ាងហោច ណាស់ឲ្យបាន ៥ នាទីមុនពេលចាប់ផ្តើមរៀន។ ធ្វើបែបនេះ​ជាជួយឲ្យអ្នកផ្តោតតែលើមេរៀន របស់ខ្លួន និង មិនបែកអារម្មណ៌ឬរវើរវាយទៅលើរបស់ឥតប្រយោជន៍។

ចងក្រងដោយៈ Rosmeanney team