តើអ្នកគួរធ្វើបែបណា បើប្តីឬប្រពន្ធអ្នកមានដៃគូរលួចលាក់?

0
1178
Picture source: Google

នៅក្នុងជីវិតអាពាហ៍ពិពាហ៍ រឿងដ៏ឈឺចាប់បំផុតមួយ គឺប្តីឬប្រពន្ធរបស់អ្នកលួចមានដៃគូរស្នេហាផ្សេងពីអ្នក។ នៅក្នុងកាលៈទេសៈបែបនេះ គ្រួសារមួយចំនួនសម្រេចជ្រើសរើសផ្លូវលែងលះគ្នា តែគ្រួសារមួយចំនួនទៀតដោយចិត្តស្រលាញ់និងអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងច្រើន រួមជាមួយនឹងការមានកូនជាមួយគ្នា គាត់ក៏សម្រេចចិត្តផ្តល់ឱកាសអោយមនុស្សដែលក្បត់ចិត្តបានកែខ្លួន។ ប្រសិនបើមនុស្សដែលក្បត់ចិត្តអ្នក សុំឱកាសកែខ្លួន ហើយអ្នកសម្រចចិត្តទុកឱកាសអោយគាត់ម្តងទៀត ខ្ញុំសូមធ្វើការណែនាំនូវវិធីសាស្ត្រដូចខាងក្រោមនេះ។

១. បញ្ចប់ដៃគូរលួចលាក់ (End the Affair)

សូមអោយប្តី/ប្រពន្ធរបស់អ្នក បញ្ឈប់ទំនាក់ទំនងជាមួយនឹងសាហាយរបស់គេអោយបាន។ ជាទូទៅ ចំពោះទំនាក់ទំនងគ្នាដែលលួចលាក់រវាងអ្នកមានគ្រួសារនិងមនុស្សទី៣ គឺ៩៥% គឺបញ្ចប់មិនដល់២ឆ្នាំ។ ប្រសិនបើប្តីឬប្រពន្ធរបស់អ្នក នៅតែបន្តទំនាក់ទំនងលួចលាក់ទៀត សូមធ្វើដូចខាងក្រោមនេះ៖
បង្ហាញអោយគេដឹងថាប្តីឬប្រពន្ធរបស់អ្នក កំពុងមានដៃគូរលួចលាក់៖ សូមប្រាប់រឿងនេះទៅឪពុកម្តាយរបស់អ្នក ឪពុកម្តាយរបស់គ្រួសារអ្នក បងប្អូនអ្នក និងឪពុកម្តាយរបស់សាហាយនោះ អោយគេបានដឹងលឺទាំងអស់គ្នា។ ទំនាក់ទំនងសាហាយស្មន់សប្យាយតែពេលស្ងាត់គ្មានអ្នកដឹង តែនៅពេលមានមនុស្សដឹងច្រើន ពួកគេនឹងមានអារម្មណ៍ថា ពួកគេបានធ្វើរឿងខ្វះការពិចារណា និងរឿងឆ្កួតៗ។
ប្រសិនបើបានបើកបង្ហាញអោយគេដឹងលឺហើយ នៅតែមិនបញ្ចប់ទំនាក់ទំនងក្រៅលួចលាក់ទៀត ខ្ញុំសូមណែនាំដូចខាងក្រោម៖

ប្រសិនបើអ្នកជាមនុស្សប្រុស៖ ខ្ញុំណែនាំអោយអ្នកបន្តរស់នៅជាមួយប្រពន្ធដែលក្បត់ចិត្តរបស់អ្នកពី៦ខែ ដល់១ឆ្នាំ តាមដែលអាចធ្វើទៅបាន។ សូមអ្នកជៀសវាងឈ្លោះគ្នាជាមួយគាត់ និងព្យាយាមបំពេញសេចក្តីត្រូវការរបស់គាត់។

ប្រសិនបើអ្នកជាប្រពន្ធដែលប្តីក្បត់ចិត្ត៖ ខ្ញុំសូមណែនាំអោយអ្នកបែកផ្ទះជាមួយប្តីរបស់អ្នករយៈពេលបីសប្តាហ៍ក្រោយពីប្តីរបស់អ្នកនៅតែមានទំនាក់ទំនងជាមួយសាហាយរបស់គាត់។ តាមបទពិសោធន៍របស់ខ្ញុំ សុខភាពរបស់ប្រពន្ធដែលប្តីលួចលាក់ក្បត់ចិត្ត គឺមានការចុះខ្សោយខ្លាំងនៅពេលបន្តរស់នៅជាមួយប្តីដែលមិនស្មោះត្រង់។ ការរស់នៅកន្លែងផ្សេងគ្នា ជួយអោយប្តីរបស់អ្នក បាននឹកឃើញពីសេចក្តីលះបង់ដែលអ្នកបាន ផ្តល់ជូនគ្រួសារ ជាពិសេសចំពោះគ្រួសារដែលមានកូន។ ប្តីរបស់អ្នកពីមុន ប្រហែលជាមិនបានមើលឃើញពីតម្លៃ និងគុណសម្បត្តិរបស់អ្នក ហើយពេលរស់នៅបែកគ្នា ធ្វើ អោយគាត់នឹករលឹកដល់អ្នក និងកូនៗ។

*នៅពេលអ្នកសម្រចចិត្តរស់នៅបែកគ្នា ខ្ញុំសូមណែនាំអ្នកអោយផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយប្តី/ប្រពន្ធរបស់អ្នក ដោយតម្រូវអោយមានអ្នកនាំពាក្យម្នាក់។ អ្នកត្រូវអោយប្តី/ប្រពន្ធរបស់អ្នកធ្វើការជ្រើសរើសរវាងអ្នកនិងសាហាយរបស់គាត់ គឺជ្រើសរើសបានតែម្នាក់ មិនអាចបន្តទាក់ទងម្តងទាំង២បានឡើយ។ ការរស់នៅបែកគ្នា គឺបន្តធ្វើរហូតដល់ប្តី/ប្រពន្ធរបស់អ្នកសន្យាថាឈប់ទាក់ទងជាមួយសាហាយរបស់គាត់ដាច់ខាត។
*ប្រសិនបើការរស់នៅបែកគ្នា បន្តរយៈពេលដល់២ឆ្នាំ ហើយប្តី/ប្រពន្ធរបស់អ្នកនៅតែបន្តទាក់ទងជាមួយសាហាយរបស់គេទៀត ខ្ញុំសូមណែនាំអោយអ្នកធ្វើការលែងលះគ្នា។

២. បង្កើតតម្លាភាព (Create Transparency)
នៅពេលប្តី/ប្រពន្ធរបស់អ្នកបានបញ្ឈប់ទំនាក់ទំនងជាមួយសាហាយរបស់គាត់ នឹងសម្រេចចិត្តកសាងគ្រួសារឡើងវិញជាមួយអ្នក អ្នកត្រូវតែប្រុងប្រយ័ត្នអោយបានខ្លាំងក្លា ដើម្បីកុំអោយរឿងដដែលកើតឡើងម្តងទៀត។
• ប្តីឬប្រពន្ធដែលធ្លាប់ក្បត់ចិត្តភរិយាស្វាមី គឺត្រូវតែប្រាប់គ្រប់យ៉ាងទៅដល់ពួកគាត់ពីសកម្មភាព របស់អ្នក ដូចជា ការគិតរបស់អ្នក សកម្មភាពប្រចាំថ្ងៃ ទម្លាប់ អ្វីដែលអ្នកចូលចិត្ត មិនចូលចិត្ត និងផែនការអនាគត។ អ្នកនឹងមិនមានការលាក់លាមណាមួយជាមួយប្តី/ប្រពន្ធរបស់អ្នក ឡើយ ។ ប្តី/ប្រពន្ធរបស់អ្នក ត្រូវស្គាល់ password ទូរសព្ទ័ អ៊ីម៉ែល លេខកូដទូរស័ព្ទ កុំព្យូទ័រ នឹងប្រាប់រាល់ព័ត៌មានទាំងអស់អ្នក អោយគាត់បានដឹង។

៣. បំពេញសេចក្តីត្រូវការរបស់គ្នា

ដើម្បីអោយជាសះស្បើយពីរបួសចាស់ ប្តីប្រពន្ធត្រូវបង្កើតនូវទំនាក់ទំនងដ៏រ៉ូមែនទិកជាមួយគ្នា តាមរយៈការបំពេញសេចក្តីត្រូវការគ្នាអោយអស់ពីចិត្ត។

សេចក្តីត្រូវការរបស់ប្រពន្ធគឺ
• សេចក្តីស្រលាញ់ ( Affection): បង្ហាញតាមរយៈ ការថើបគាត់ អោបគាត់ កាន់ដៃគាត់ពេលដើរក្រៅ ថើបគាត់មុនពេលចេញពីធ្វើការ និងត្រលប់មកវិញ និងការពារគាត់ នាំគាត់ទៅញុំាក្រៅ (dating)……
• ការនិយាយសន្ទនាគ្នាដ៏ល្អ៖ មនុស្សស្រីគឺចូលចិត្តនិយាយ ។ គាត់ត្រូវការបុរសដែលចូលចិត្តស្តាប់គាត់ និងយកចិត្តទុកដាក់ពីបញ្ហារបស់គាត់។
• គាត់ត្រូវការស្វាមីដែលស្មោះត្រង់ និងបើកចំហរចំពោះគាត់
• គាត់ត្រូវការស្វាមីដែលជួយផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់គាត់
• គាត់ត្រូវការស្វាមីដែលមានការប្តេជ្ញាចិត្តចំពោះគ្រួសារ និងជាឪពុកដ៏ល្អសម្រាប់កូនៗ

សេចក្តីត្រូវការរបស់ប្តីគឺ
• ដោយសារតែអ័រម៉ូនរបស់បុរស គឺធ្វើអោយគាត់មានតម្រូវការរួមភេទខ្ពស់
• គាត់ត្រូវការដែគូរធ្វើសកម្មភាពកំសាន្តជាមួយគ្នា (Recreational Companionship) ដូចជា្លេងកីឡាជាមួយគ្នា ហែលទឹក ឡើងភ្នំ ជិះកង់ មើលបាត់ទាត់ លេងល្បែងកំសាន្តជាមួយគ្នា។
• គាត់ត្រូវការប្រពន្ធដែលមានរូបរាងទាក់ទាញស្រស់ស្អាត (បុរសមួយចំនួនគឺមានចំណាប់អារម្មណ៍ខ្លាំងទៅលើរូបរាងរបស់ភរិយាគាត់ តែក៏មានបុរសមួយចំនួនទៀតដែលអោយតម្លៃទៅលើទឹកចិត្តនិងតម្លៃរបស់ភរិយាក្រៅពីរូបរាង)។
• គាត់ត្រូវការភាពស្ងប់ស្ងាត់និងសុខុដុមរម្យនានៅក្នុងគ្រួសារ៖ ពេលគាត់ត្រលប់មកពីធ្វើការវិញ គាត់ត្រូវការភរិយាឈរស្វាគមន៍គាត់ដោយរីករាយ ញុំាអាហារពេលល្ងាចយ៉ាងឆ្ងាញ់ដោយមិនមានរអ៊ូ ឬជម្លោះផ្សេងៗ ..។
• គាត់ត្រូវការអោយប្រពន្ធគាត់អោយតម្លៃគាត់ និងមានមោទនៈភាពចំពោះគាត់

ប្រសិនបើអ្នក បានធ្វើបានគ្រប់យ៉ាងនៅវិធីសាស្ត្រខាងលើហើយ តែប្តី/ប្រពន្ធរបស់អ្នកនៅតែលួចលាក់មានទំនាក់ទំនងជាមួយស្រី/ប្រុសដទៃ ខ្ញុំសូមណែនាំអោយអ្នកសម្រេចចិត្តយកជម្រើសលែងលះគ្នា។

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ His Needs, Her Needs, Willard F. Harley, Jr
បកប្រែដោយ៖ ទឹកតែ