ធ្វើយ៉ាងណាកុំឲ្យ​ក្លាយ​ជាមេរំខាន​របស់គេ?

0
2187
Image source: Google

តើអ្នកមានដឹងខ្លួនដែរឬអត់ថា ការទូរសព្ទ័ទៅលេងមិត្តប្រុសរបស់អ្នកជាញឹកញាប់ អាចជាការ រំខានដល់គេ ហើយក៏ដូចជាបញ្ហាមួយដែលនាំទៅរកការបែកបាក់គ្នាដោយសារតែមិត្តប្រុស របស់អ្នកធន់ទ្រាំនឹងអ្នក? តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាបុរសមួយចំនួន ពេលដំបូង ហាក់ដូចជាចាប់អារម្មណ៍អ្នក ប៉ុន្តែពេលអ្នកផ្តើមយកចិត្តទុកដាក់ បែរជាគាត់ដកខ្លួនចេញទៅវិញ? បញ្ហាមួយដែលនាំឲ្យមានរឿងនេះ គឺអាចមកពីគេធន់នឹងអ្នក ។ បើអ្នកជួបបញ្ហានេះ ខាងក្រោមនេះជាគន្លឹះចម្បងៗ មួយចំនួនដែលអ្នកអាចសាកល្បងបាន៖

១. ដឹងពីកាលវិភាគធ្វើការរបស់គាត់

អ្នកគួរសុំមើលការវិភាគការងាររបស់គាត់ រឺក៏ម៉ោងធ្វើការងាររបស់គាត់។ ការដឹងពីម៉ោងធ្វើការ ងាររបស់គាត់ អាចជួយឲ្យអ្នកដឹងពីពេលវេលាដែលសមស្របសម្រាប់ទូរសព្ទ័ទៅគាត់ នោះ អ្នកនឹងមិនរំខានគាត់ទេ។ ប៉ុន្តែប្រសិនបើមិត្តប្រុសរបស់អ្នកមិនចង់ប្រាប់ពីព័ត៌មានទាក់ទង នឹងពេលវេលាការងារ សូមកុំសួរគាត់អីពីព្រោះគាត់អាចគិតថា អ្នកព្យាយាមគ្រប់គ្រងគាត់គ្រប់ វិនាទី។

២. ជឿទុកចិត្តគាត់

អ្នកត្រូវមានទំនុកចំពោះមនុស្សដែលអ្នកស្រលាញ់។ ប្រសិនបើគាត់ប្រាប់ថាគាត់រវល់ អ្នកត្រូវ​ទុកចិត្តគាត់។​ បើគាត់ប្រាប់ថាគាត់នឹងទូរសព្ទ័ត្រលប់មកវិញ អ្នកត្រូវទុកពេលឲ្យគាត់ ទូរសព្ទ័មក។ កុំព្យាយាមបង្កើតមន្ទិលសង្ស័យ សួរនេះសួរនោះដែលបង្កឲ្យកើតជារឿងមិន ទុកចិត្តនឹងគ្នា បង្កជាជម្លោះនាំឲ្យអ្នកអាចឈានទៅរកការបែកបាក់គ្នា។ ពេលខ្លះការមិនទុក ចិត្តលើគាត់ គឺកើតមកពីអ្នកមិនទុកចិត្តខ្លួនឯង។ វាអាចបណ្តាលមកពីអ្នកគិតថាខ្លួនមិនស្អាត ដូចនារីដទៃ រឺក៏អ្នកដទៃមានអត្តចរិកល្អជាងអ្នកជាដើម។ ត្រូវចាប់ផ្តើមលប់បំបាត់ចោលនូវ ភាពមិនប្រាកដលើខ្លួន បង្កើនជាជំនឿជាក់លើខ្លួនឯងវិញ។ អ្នកត្រូវ​ចេះគោរពនិង​ឲ្យ​តម្លៃ​លើខ្លួនឯង។

៣. ធ្វើខ្លួនឲ្យរវល់ដូចគាត់

ក្នុងនាមជានារីដូចគ្នា ពិតជាយល់ថាយើងគិតដល់គេគ្រប់ពេលវេលា ហើយតែងតែចង់ដឹងពី សុខទុក្ខគេជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចចេះតែបណ្តោយបែបនេះទេ។ ការធ្វើខ្លួនចង់តែនៅក្បែរគេ អាចធ្វើឲ្យគេគិតថាអ្នកមិនគួរឲ្យចាប់អារម្មណ៍ (ការគិតរបស់ មនុស្សប្រុស ខុសពីការគិតរបស់មនុស្សស្រី)។ បើចង់ធ្វើខ្លួនឲ្យមានតម្លៃ គឺអ្នកត្រូវធ្វើខ្លួនឲ្យ ជាប់រវល់។ ធ្វើឲ្យគាត់ដឹងថា ពេលវេលារបស់អ្នកក៏មានតម្លៃដូចពេលវេលារបស់គាត់ដែរ។ អ្នកអាចដើរលេងជាមួយមិត្តភក្ត័របស់អ្នក ធ្វើនូវអ្វីដែលអ្នកត្រូវធ្វើដូចជាអានសៀវភៅ កិច្ចការ ផ្ទះ ដោយជំនួសអោយការផ្តោតអារម្មណ៍សញ្ចឹងគិតតែមិត្តប្រុសរបស់ខ្លួន!