ព្រឹកនេះភ្ញាក់ពីគេង ចិត្តស្រាប់តែនឹកឃើញកាលខ្លួនជាយុវវ័យ ជាសិស្សវិទ្យាល័យស្រុកស្រែនៅកំឡុងឆ្នាំសិក្សា ២០០៣, ២០០៤, និងប្រលងបាក់ឌុបឆ្នាំ ២០០៥។ ពួកយើងជាសិស្សស្រីមួយក្រុម ដែលជាកូនអ្នកផ្សារខ្លះ កូនអ្នកចំការខ្លះ និងកូនអ្នកធ្វើការរាជការខ្លះ។ ពួកយើងមានគ្នា ៧ នាក់ ដែលមានឈ្មោះហៅក្រៅដូចជា កូនទា កូនជ្រូកតូច កូនជ្រូកធំ ដំរី ដំរីទឹក អង្ក្រង និងស្រមោច។
រៀងរាល់ព្រឹកម៉ោង ៦ និង៥០ នាទី ពួកយើងជិះកង់ទៅរៀននៅវិទ្យាល័យកំពង់ត្របែក ហើយត្រឹមតែ ៧ ទៅ១០ នាទី ពួកយើងជិះកង់ដល់សាលារៀនហើយ ក្នុងរយៈចំងាយ ៧គីឡូម៉ែត្រ។ ពួកយើងគិតថា ជិះកង់បានលឿនណាស់កាលពីនៅក្មេង។ ពួកយើងជិះកង់ទៅរៀនកួរ។ ជីវិតជិតប្រលងបាក់ឌុប គឺមានតែខិតខំប្រឹងរៀន ទាំងថ្នាក់រដ្ឋ និងរៀនកួរ។ ក្រៅពីពេលនោះ ពួកយើង៧ នាក់ បានបង្កើតក្លឹបសិក្សា រៀនពេលល្ងាចម៉ោង ៥ ដល់ម៉ោង ៦ ល្ងាច ដោយសុំថ្នាក់រៀន១ថ្នាក់នៅវត្តរៀន។ ពួកយើងបានចែកគ្នាបង្រៀនតាមជំនាញរបស់សមាជិកម្នាក់ៗ។ ចំពោះសិស្សដែលពូកែគណិតវិទ្យា គេបង្រៀនគណិត ឯសិស្សដែលពូកែគីមី គេបង្រៀនគីមី។ កាលនោះក្រុមពួកយើងខំរៀនណាស់ ហើយក៏ចូលចិត្តលេងណាស់ដែរ។ អ្នកដែលធ្លាប់ឆ្លងកាត់ នឹងយល់ថាយុវវ័យ មានការស្រមើរស្រមៃច្រើន មានភាពរហ័សរហួន និងលេងច្រើន។ ពេលទំនេរ ពួកយើងធ្វើម្ហូបហូបជុំគ្នា ឡើងដើមឈើ បេះព្រីង ដើរបេះផ្លែត្រសក់ ឥឡឹកនៅចំការមិត្តភក្ត័។ យុវវ័យរបស់ពួកយើងគឺមានភាពរីករាយ និងលេងសើចច្រើន។ កាលនោះ ពួកយើងមិនមានទូរស័ព្ទចល័តឡើយ។
មានពេលមួយនោះ ពេលពួកយើងចេញពីរៀន ជិះកង់៣នាក់ទន្ទឹមគ្នាលើផ្លូវជាតិលេខ១ ។ កំពុងតែជិះ ស្រាប់តែមានឡានធំមួយយ៉ាងខ្លាំង ហើយបើកយ៉ាងលឿន ជិះទិសដៅស្របគ្នាជាមួយពួកយើង ហើយបើកមកទន្ទឹមយើងដែរ រួចជិះហួសទៅបាត់។ ដោយសារតែឡាននោះបើកលឿន កម្លាំងខ្យល់របស់ឡានបានធ្វើអោយយើងទាំង៣នាក់ បានជិះកង់ធ្លាក់ផ្លូវមួយរំពេច។ ជាសំណាងល្អ ពួកយើងមិនមានគ្រោះថ្នាក់ ឬរបួសអ្វីឡើយ ប៉ុន្តែពួកយើងពេលនោះបែរជាសើចយ៉ាងខ្លាំង ព្រោះ៣នាក់ ធ្លាក់ផ្លូវទាំង៣ នាក់។

ចំពោះការសិក្សាពេលនោះ លោកគ្រូ អ្នកគ្រូ គាត់យកចិត្តទុកដាក់ចំពោះពួកយើងណាស់។ ខ្ញុំទទួលបានអារម្មណ៍ ថាលោកគ្រូ អ្នកគ្រូ ស្រលាញ់ អាណិត និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស ។ លោកគ្រូគីមី អ្នកគ្រូជីវៈ លោកគ្រូគណិត និងលោកគ្រូរូបវិទ្យា លោកគ្រូភាសារ ខ្មែរ សុទ្ធតែចង់អោយកូនសិស្សរៀនបានល្អ ប្រលងជាប់គ្រប់ៗគ្នា។ ខ្ញុំមានសេចក្តីដឹងគុណ ចំពោះសេចក្តីអាណិត ស្រលាញ់ ការព្យាយាមពន្យល់ តម្រង់ទិស ដែលលោកគ្រូ អ្នកគ្រូបានផ្តល់អោយ។
លទ្ធផលប្រលងបាក់ឌុប បានចេញមក ពួកយើងទាំង ៧ នាក់ គឺជាប់ទាំងអស់ បាននិន្ទេសផ្សេងៗគ្នា។ មិត្តភក្ត័ ៦ នាក់ បន្តការសិក្សាមកថ្នាក់មហាវិទ្យាល័យ និងមានមិត្តម្នាក់សម្រេចមិនរៀនត ហើយនៅផ្ទះរកស៊ី និងរៀបការបានមុនគេ។ ពួកយើងឥឡូវនេះ មានជីវិតផ្សេងគ្នាៗ ពួកយើងខ្លះក្លាយជា គ្រូពេទ្យ គ្រូបង្រៀន គណនេយ្យករ អ្នករកស៊ី បុគ្គលិរដ្ឋ តាមការជ្រើសរើស និងចំណង់ចំណូលចិត្តរបស់ពួកយើង។
ឥឡូវនេះឆ្នាំ ២០២៦ ពួកយើងបានចប់បាក់ឌុបបាន ២១ ឆ្នាំហើយ។ មិត្តភ័ក្តខ្លះ បានរៀបការ មានកូន មានគ្រួសារ និងមិត្តភក្ត័ខ្លះនៅលីវ ប៉ុន្តែខ្ញុំជឿជាក់ថា ពួកយើងនៅនឹករលឹកគ្នា នឹករលឹកពេលនៅក្មេង ពេលរៀនជាមួយគ្នា និងតែងតែជូនពរពីចំងាយសូមអោយមិត្តភ័ក្ត និងលោកគ្រូអ្នកគ្រូ សុខសប្បាយ និងមានសុខភាពល្អ។

