អាចទេកាត់បន្ថយការរៀបការទ្រង់ទ្រាយធំដើម្បីលើកកំពស់ជីវភាព និងកុំអោយក្លាយជាកូនបំណុលរបស់ធនាគារ?

0
3713
Credit photo: Google

គេច្រើននិយាយថា មួយជីវិតរៀបការមួយដង ត្រូវលេងអោយអស់ដៃ! តែគេសង្គេតឃើញថា កម្មវិធីផ្សេងៗនៅក្នុងស្រុកខ្មែរគឺជាបន្ទុកមួយយ៉ាងធំសម្រាប់ប្រជាជន ដោយសារយើងត្រូវយកប្រាក់កំរៃដែលរកបានទៅចងដៃសម្រាប់កម្មវិធី រៀបការ ឡើងផ្ទះ ខួបកំនើត បង្កក់កូន ជាដើម។
ស្ទើរតែគ្រប់គ្នារអ៊ូថា ធៀបការប្រហាប្រាក់ខែ ចុះហេតុអ្វីយើងនៅតែបន្តធ្វើកម្មវិធីទាំងនេះទៀត? ព្រោះយើងច្រើនតែនិយាយថា កម្មវិធីគឺធ្វើម្តងម្នាក់ ម្តងគេម្តងយើង។

បើយើងវិភាគអោយចំ តើអ្នកណាជាអ្នកទទួលផលចំណេញពីការធ្វើការរៀបអាពាហ៍ពិពាហ៍ធំដំ អធិកអធម៌នេះ? ម្ចាស់ដើមការ អ្នកទៅញាំការ ឬខាងចុងភៅ សំអាងការ ឬខាងអ្នកផ្គត់ផ្គង់សំភារៈការ?

បើយើងមើលជាក់ស្តែង កម្មវិធីរៀបការឥឡូវកាន់តែចំណាយច្រើន កាន់តែជាបន្ទុក។ ភាគីខាងប្រុស ត្រូវរកលុយមួយដុំដើម្បីជាបណ្ណាការជូនទៅខាងស្រី រហូតដល់អ្នកខ្លះត្រូវខ្ចីធនាគារ ដើម្បីបានរៀបការ។ ខាងស្រីយកលុយបណ្ណាការដែលខាងប្រុសជូននិងចំណងដៃរបស់ភ្ញៀវ មកចាត់ចែងការរៀបការដូចជាចំណាយទៅលើទូរទាត់ថ្លៃសំអាងការ ភ្លេង តន្ត្រី ម្ហូបអាហារ ផ្លែឈើហែជំនូន ស្រា ទឹកក្រូច រោងការ ។ល។ ពេលខ្លះក៏បានរួចខ្លួន ពេលខ្លះក៏ខាត ត្រូវខ្ចីលុយគេ ដើម្បីសងថ្លៃរៀបការ។

ចំនែកអ្នកទៅចងដៃការ យូរណាស់បានដល់វេនខ្លួន ហើយពេលដល់វេនខ្លួន គឺភាគច្រើនបានត្រឹមរួចខ្លួន។ អញ្ចឹងលុយដែលចងដៃត្រូវធ្លាក់ទៅលើអ្នកណា? ហើយអ្នកណាបានទទួលប្រយោជន៍ពិតប្រាកដ? តើដើម្បីតែការរស់នៅជាមួយគ្នារវាងមនុស្ស២នាក់ ត្រូវទាមទារអោយគ្រួសារទាំង២ និងប្រជាជន ត្រូវធ្លាក់ក្នុងបំណុល? តើពិតជាចាំបាច់ធ្វើបែបនេះ មែនទេ? តើមានផ្លូវផ្សេងឬទេ?

វិធីសាស្ត្រ គឺគួរតែដល់ពេលបញ្ឈប់ការវិលជុំ រៀបការធំដំហួសមាឌ ម្តងគេម្តងយើងហើយ។ បើអ្នកមិនមែនជាអ្នកបញ្ឈប់ខ្សែរចង្វាក់នេះ តើអ្នកណានឹងជាអ្នកចាប់ផ្តើមបញ្ឈប់? សូមរៀបការ ហើយអញ្ចើញតែសាច់ញាតិជិតស្និទនឹងអ្នក ដើម្បីកុំអោយប្រជាជននៅក្នុងភូមិដែលកំពុងតែមានចំណូលទាប ត្រូវមកបង្កើនចំណាយលើការរៀបការផ្ទាល់ខ្លួនរបស់អ្នក។ បើអ្នកមិនអញ្ចើញគេមកចូលរួមរៀបការ គេនឹងសល់លុយសម្រាប់ទិញម្ហូប សំលៀកបំពាក់ ថ្នាំសង្កូវ និងសន្សំលុយដើម្បីអនាគតកូនចៅ។ នៅប្រទេស អ៊ូបេគីស្ថាន ច្បាប់កំនត់ការរៀបការត្រឹម ១៥ តុ និងមិនអោយមានការជួលតារាចម្រៀង ឡានទំនើប ដើម្បីប្រារព្វពិធីរៀបការឡើងយ ព្រោះប្រទេសនេះស្ថិតនៅក្នុងប្រទេសក្រីក្រនៅឡើយ ។

ដល់ពេលហើយដែលចាប់ផ្តើមរៀបការទ្រង់ទ្រាយតូច ដើម្បីកុំអោយការរៀបការជាបន្ទុកដ៏ធ្ងន់ ហើយសល់លុយសម្រាប់កសាងគ្រួសារថ្មី ជួយកាត់បន្ថយចំនាយរបស់អ្នកជិតខាង លើកកំពស់ជីវភាពរបស់ប្រជាជនយើង និងមិនក្លាយជាកូនបំណុលរបស់ធនាគារ ។

អត្ថបទដោយៈ Admin Rosmeanney