ហេតុអ្វីឪពុកម្តាយភាគច្រើន មានវិប្បដិសារីចំពោះកូនដំបូង?

0
2151
Image source: Google

ការធ្វើជាឪពុកម្តាយលើកទីមួយ គឺជាពេលវាដ៏ពិសេស រំភើបមួយនៅក្នុងជីវិត។ តែទោះជាយ៉ាងណា គេបានសង្កេតឃើញថា ឪពុកម្តាយមួយចំនួនគឺមានវិប្បដិសារីចំពោះរបៀបនៃការចិញ្ចឹមកូនដំបូងរបស់គាត់ ហើយគាត់តែងតែសង្វេគចំពោះកូនដំបូងរបស់ពួកគាត់ណាស់។ តើហេតុអ្វី?

1. ជាទូទៅ ឪពុកម្តាយមានកូនដំបូងនៅពេលដែលវ័យរបស់ពួកគាត់នៅក្មេងខ្ចី។ គាត់មិនទាន់ចេះទប់អារម្មណ៍របស់ខ្លួន ពេលខ្លះធ្វើតាមកំហឹងរបស់ខ្លួន ហើយអាចឈានដល់ការធ្វើទារុណកម្មលើកូនដំបូងរបស់គាត់ នៅពេលដែលក្មេងរពិស ឬមិនស្តាប់បង្គាប់របស់គាត់។ ពេលខ្លះ ពេលដែលឪពុកនិងម្តាយឈ្លោះគ្នា គាត់ឈានដល់ថ្នាក់យកកូនជាឧបករណ៍បញ្ចេញកំហឹងក៏មានផងដែរ។

2. គាត់មិនមានបទពិសោធន៍ក្នុងការចិញ្ចឹមកូន។ អ្នកខ្លះ និយាយថា កូនដំបូង ហាក់ដូចជាការធ្វើពិសោធន៍លើកដំបូងរបស់ឪពុកម្តាយ ពីរបៀបនៃការចិញ្ចឹម។ ភាគច្រើន កូនទី២ ឬទី៣ ច្រើនតែទទួលបានការចិញ្ចឹមយ៉ាងល្អជាងកូនទីមួយ ដោយឪពុកម្តាយមានបទពិសោធន៍ក្នុងការចិញ្ចឹម រួមផ្សំនឹងវ័យរបស់ពួកគាត់បានរីកចម្រើនជាងមុន។

3. កូនដំបូង គឺកើតឡើងនៅពេលដែលគ្រួសារថ្មីទើបតែកវែងកឆ្នាំង។ ហេតុនេះ ពេលខ្លះសេដ្ឋកិច្ចគ្រួសារមិនទាន់មានភាពប្រសើរគ្រប់គ្រាន់ក្នុងការផ្តល់លក្ខខណ្ឌចិញ្ចឹមកូនបានត្រឹមត្រូវ រួម​ទាំង​កន្លែង​ស្នាក់នៅមិនទាន់ត្រឹមត្រូវ​សម្រាប់ក្មេងផងដែរ។ កូនដំបូងអាចប្រឈមមុខនូវការលំបាកច្រើននៅពេលដែលខ្លួននៅតូច បើប្រៀបធៀបទៅនឹងកូនទី២ ឬទី៣។ ដោយហេតុផលជីវភាព ពេលខ្លះកូនដំបូងត្រូវឈប់សិក្សាដើម្បីជួយរកស៊ីចិញ្ចឹមគ្រួសារ និងជួយអោយប្អូនៗបានបន្តការសិក្សា។
ដោយហេតុផលខាងលើនេះ បានជាឪពុកម្តាយមួយចំនួនគាត់មានការស្តាយក្រោយ និងគិតថាខ្លួនមានកំហុសចំពោះកូនដំបូង។

ដើម្បីជៀសវាងវិប្បដិសារីចំពោះកូនដំបូង ឪពុកម្តាយអាចជ្រើសរើសវិធីសាស្ត្រដូចខាងក្រោម៖
1. ត្រៀមខ្លួនរួចជាស្រេចមុននឹងសម្រេចចិត្តយកកូន។ អ្នកអាចត្រៀមទាំងសេដ្ឋកិច្ច និង ត្រៀមទាំងផ្លូវចិត្ត និងពេលវេលាគ្រប់គ្រាន់សម្រាប់កូនអ្នក។
2. ដោយសារអ្នកគ្មានបទពិសោធន៍ក្នុងការចិញ្ចឹមកូន សូមអ្នកអានសៀវភៅ និង ចូលរួមវគ្គសិក្សាពីរបៀបនៃការចិញ្ចឹមកូន ដើម្បីអោយអ្នកអាចចិញ្ចឹមកូនអ្នកបានយ៉ាងល្អ។ អ្នក​ក៏​អាច​សាកសួរ​ពី​របៀប​នៃ​ការ​ចិញ្ចឹមកូន​ពី​រៀន​ច្បង ឬ​អ្នក​ដែល​ធ្លាប់​ចិញ្ចឹម​កូ​ន​បាន​ល្អ​ពី​មុន​មក។

អត្ថបទដោយ ៖ Admin Rosmeanney