តើអ្នកគួរធ្វើយ៉ាងណា នៅពេល​សង្សារអ្នកទៅរៀបការជាមួយអ្នកផ្សេង?

0
1144

នៅក្នុង​ឆាកជីវិត មានរឿងរាវជាច្រើនដែលបានកើតឡើង​មានទាំងសមបំណង និង​មិនសមបំណង។ ពេលខ្លះ រឿង​មិនសមបំណង​ខ្លះ​ វាហាក់ដូច​ជា​ធ្ងន់ធ្ងរ​ណាស់សម្រាប់អ្នក ដូច​ជា​គូសង្សារ មនុស្សជាទីស្រលាញ់​របស់អ្នកបែរជា​ទៅរៀបការ​ជា​មួយ​អ្នកផ្សេងទៀត​ ដែល​មិនមែន​ជា​អ្នក។ បើ​ជួប​បញ្ហា​បែបនេះកើត​ឡើង​ តើ​អ្នកគួរ​ធ្វើ​យ៉ាង​ណា?

តើអ្នកគួរធ្វើយ៉ាងណា នៅពេល​សង្សារអ្នកទៅរៀបការជាមួយអ្នកផ្សេង?
  • អ្នកអាច​ចំណាយពេល​១ថ្ងៃ នៅជាមួយខ្លួន​ឯង តែ​ម្នាក់ឯង រួច​យំអោយអស់​ចិត្ត
  • ស្អែក​ថ្ងៃបន្ទាប់ ក្រោកឡើង​ ភ្ញាក់ពីគេងដោយស្វាហាប់ ធ្វើនូវរឿងរ៉ាវ​ដែល​អ្នកត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​ដូច​ជា ទៅរៀន ទៅ​ធ្វើការ ហាត់ប្រាណ ធ្វើម្ហូបញុំា ជួបជុំ​មិត្តភក្ត័។ ធ្វើខ្លួន​អ្នក​អោយ​រវល់។
  • មនុស្ស​ដែល​ជាទីស្រលាញ់របស់​អ្នក គេបោះ​បង់អ្នកទៅរកអ្នកថ្មីហើយ អ្នក​មិនត្រូវ​បោះ​បង់​ខ្លួនឯង​ ព្រោះ​តែ​ស្នេហាឡើយ។ មនុស្សយើង​កើត​មក មានកិច្ចការ​ត្រូវ​ធ្វើ​ជា​ច្រើន ពួកយើង​មាន​កាតព្វកិច្ច​ច្រើនជា​ជាង​រស់នៅ​ដើម្បីតែ​ស្នេហាប្រុសស្រី។
  • អ្នកមិនគួរ​សម្រេចចិត្ត​ជ្រើសរើស​មនុស្សថ្មី ឬ​សង្សារថ្មីៗភ្លាមៗ បន្ទាប់ពីអតីត​គូស្នេហ៍​​អ្នក​បោះ​បង់​អ្នក ដើម្បីតែបញ្ឈឺ​អ្នកចាស់ឡើយ។ គួរទុកពេល​សម្រាប់ព្យាបាល​របួស​ចិត្ត​អោយបាន​ជា​សះស្បើយ។ រំលឹក​ឡើង​វិញ​នៅ​ក្នុង​ទំនាក់ទំនង ថា​មូលហេតុអ្វីខ្លះ​បាន​ជា​ឈានដល់​ចំនុចនេះ។ ការរៀនសូត្រ​ពី​កំហុស​ឆ្គង​ដែលមាន នឹង​ជួយ​ជា​បទពិសោធន៍ ក្នុង​ការ​ទទួល​យកអ្នកថ្មីដែល​ល្អ ដែល​ប្រសើរឡើង។ ជាទូទៅ បើយើង​ចង់បាន​មនុស្ស​ល្អ មនុស្សស្មោះត្រង់ មានភាព​ចាស់ទុំ គឺ​យើងត្រូវ​មាន​ចំនុច​ទាំង​នេះ​ជាមុនសិន ទើប​ទាក់ទាញ​មនុស្សប្រភេទនោះ​អោយមករកយើង។
  • ក្នុងរយៈពេល​ខ្លី អ្នក​នឹង​នៅ​ខឹង​ចំពោះ​គូសង្សារបស់អ្នក តែ​ពេលវេលា​នឹង​ធ្វើ​អោយ​អ្នក​ភ្លេច​គេ​នៅ​ថ្ងៃណាមួយ។ នៅពេល​ដែល​អ្នក​ចាប់ផ្តើម​បាត់ខឹង អ្នកនឹង​នឹក​ឃើញ​ថា គូសង្សារបស់អ្នក​សម្រេច​ចិត្ត​មិន​រៀបការ​ជាមួយ​អ្នក ប្រហែល​ជា​គេ​ដឹង​ថា ទោះ​បី​ជា​គេ និង​អ្នក​រៀប​ការ​ជាមួយ​គ្នា​ អ្នក​ទាំង​ពីរ​នឹង​គ្មាន​សេចក្តីសុខ មានរឿង​រកាំរកូស ឬ​រស់នៅ​មិនចុះសម្រុង​គ្នា ។ គេ​ប្រហែល​ជា​ដឹង​ថា អត្តចរិកអ្នកទាំង​២ រស់នៅ​ជាមួយ​គ្នាមិន​បានឡើយ។ ហេតុនេះ បែក​គ្នា​អោយ​ហើយ​ ប្រសើរ​ជាង​បែកគ្នា​នាពេល​អនាគត។
  • ចូរអ្នករស់នៅដោយភាព​រីករាយ កុំយកជីវិតរបស់​អ្នកទៅប្រៀបធៀប ឬ​យកចាញ់ឈ្នះ​ជាមួយអតីតគូស្នេហ៍របស់អ្នក។ មនុស្សភាគច្រើន តែង​តែ​មិនអស់ចិត្ត ចូលចិត្ត​បើក​មើល​ profile Facebook របស់អ្នកចាស់ រួច​ប្រៀបធៀប​ខ្លួនឯង​ចំពោះ​គេ ថា​ប្រសើរ​ជាង​ឬអន់ជាង ។ល។ ការរស់នៅបែបនេះ គ្មាន​សេចក្តីសុខឡើយ ។ អ្នក​នឹង​នៅ​ជាប់​តែ​រឿង​ខឹង រឿង​ស្អប់ រឿង​ប្រៀបធៀប អ្នកមិនបានរស់នៅ​តាម​របៀបអ្នក ឬ​រស់នៅ​ដោយ​ភាព​ត្រឹម​ត្រូវ។
  • ថែរក្សាសុខភាព បង្កើនចំនេះដឹង​ថ្មីៗ រស់នៅដោយរីករាយ ។ អ្នកត្រូវ​ចេះ​បង្កើត​សេចក្តីរីករាយដោយខ្លួនឯង កុំគិតថា រីករាយទាល់តែមាននេះមាននោះ ឬ​ទាល់តែ​មាន​អ្នក​ចាស់​ទើប​សើចបាន។ សូមបន្តរស់នៅដោយមានសេចក្តីសុខ។

អត្ថបទដោយ: ទឹកតែ