ដោយសារតែមនុស្សដែលចេះរកលុយបានច្រើន មានទ្រព្យសម្បត្តិច្រើន ត្រូវបានសង្គមខាងក្រៅអោយតំលៃថាជាមនុស្សឆ្លាត ពូកែរកស៊ី រហូតដល់អ្នកខ្លះបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីអោយបានលុយ ហើយថែមទាំងគិតថាខ្លួនជាមនុស្សឆ្លាត សូម្បីតែរបៀបនៃការរកលុយនោះគឺខុសឆ្គង។ ខាងក្រោមនេះ ជាអំពើដែលគាត់គិតថាខ្លួនគាត់ឆ្លាតក្នុងការរកលុយ និង បន្ថែមចំណូលដល់ខ្លួនឯង ៖
1. អំពើកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុន និងការទារ commission; មនុស្សប្រភេទនេះ គាត់មានតួនាទីរកអ្នកផ្គត់ផ្គង់សំភារៈ ឬសេវាកម្មដល់ក្រុមហ៊ុនរបស់ខ្លួនដែលកំពុងធ្វើការ។ ពួកគេជាទូទៅ ទាមទារអោយអ្នកលក់សរសេរថ្លៃទំនិញលើសពីថ្លៃទំនិញពិតប្រាកដ រួចយកវិក័យប័ត្រនោះទៅជូនមេរបស់ខ្លួន។ ក្រោយពេលមេទូទាត់រួចរាល់ ពួកគេបានចំនេញលើថ្លៃទំនិញដែលដាក់លើសនោះ។ ឯខ្លះទៀត គាត់ទារប្រាក់កំរៃពីអ្នកលក់ផលិតផលអោយគាត់ ដោយគាត់និយាយថា គាត់ខំរកម៉ូយអោយ ទាំងតួនាទីរបស់គាត់ គឺជាអ្នកបញ្ជាទិញរបស់ក្រុមហ៊ុនម្នាក់។
2. អំពើលួចរកស៊ីដូចក្រុមហ៊ុនរបស់ខ្លួន នៅពេលដែលខ្លួននៅជាបុគ្គលិករបស់ក្រុមហ៊ុននោះ។ មានបុគ្គលមួយចំនួន គាត់លួចរកស៊ីដូចក្រុមហ៊ុនរបស់គាត់ ហើយពេលមានភ្ញៀវណាចង់ទិញទំនិញ ឬសេវាកម្មពីក្រុមហ៊ុនរបស់ខ្លួន គាត់មិនណែនាំទំនិញរបស់ក្រុមហ៊ុនទេ តែគាត់ណែនាំអោយអតិថិជនទិញទំនិញរបស់ខ្លួនគេទៅវិញ។ គេយកម៉ោងរបស់ក្រុមហ៊ុនទៅរកស៊ីខ្លួនឯង ដណ្តើមអតិថិជនរបស់ក្រុមហ៊ុនខ្លួន តើអោយក្រុមហ៊ុននោះលូតលាស់ទៅមុខដោយវិធីណា?
៣. ការយកម៉ោងក្រុមហ៊ុនទៅរកស៊ីផ្ទាល់ខ្លួន ដូចជាការលក់ទំនិញតាម on line ឆ្លើយឆ្លងសារជាមួយអតិថិជនរបស់ខ្លួន ដែលមិនមែនជាអតិថិជនរបស់ក្រុមហ៊ុនដែលខ្លួនធ្វើការ។
បើមានភាពឆ្លាត តែគ្មានភាពសុចរិតនៅក្នុងខ្លួន នោះអំពើទាំងឡាយដែលប្រព្រឹត្ត គឺជាអំពើគ្មានតម្លៃ និងតែងតែបង្កការឈឺចាប់ដល់អ្នកដទៃ។
អត្ថបទដោយ: Admin Rosmeanney