សហគមន៍ទេសចរធម្មជាតិត្រពាំងសង្កែ ទីលំហែកាយធម្មជាតិដ៏សុខរម្យនា

0
2427

តើលោកអ្នកកំពុងស្វែងរកកន្លែងដើរលេងដ៏ស្ងប់ស្ងាត់ ត្រជាក់ត្រជុំ ពណ៌បៃតងបែបធម្មជាតិមែនទេ?
ថ្ងៃនេះ សូមបង្ហាញពីរមនីយដ្ឋាន ដ៏ស្រស់បំព្រងដែលមានទីតាំងនៅជិតក្រុងភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ទៅទីរួមខេត្តកំពត រួចបន្តធ្វើដំណើរតាមផ្លូវជាតិលេខ ៣៣ ប្រហែល ១៥ នាទី លោកអ្នកនឹងទៅដល់សហគមន៍ទេសចរធម្មជាតិត្រពាំងសង្កែ ដែលនៅទីនោះមានដូចជា៖

១. អាហារកាម៉ង់ដ៏ឆ្ងុយឆ្ងាញ់
លោកអ្នកអាចកាម៉ង់ម្អូបសមុទ្ទ ដែលមានរសជាតិឆ្ងុយឆ្ងាញ់ និងតម្លៃធូរថ្លៃ ហើយមានភេសជ្ជៈផ្សេងៗក្នុងតម្លៃធូរថ្លៃផងដែរ

២. ជិះទូកលេងកំសាន្ត មើលដើមកោងកាង
ជិះទូកលេងកំសាន្តតាមដៃសមុទ្ទ តម្លៃត្រឹមតែ ៦០,០០០ រៀល ទាំងទៅទាំងមក។ ក្នុង ១ ទូក អាចជិះបាន ១០ នាក់។ ដោយនៅទីនេះ ជាដៃសមុទ្ទ មិនមានរលកធំៗ ដែលនាំអោយមានការភ័យខ្លាចនោះទេ។
នៅពេលជិះទូក មានខ្យល់ត្រជាក់ៗ ទេសភាពដើមកោងកាង ដើមចាក អបសងខាងផ្លូវ ជួយធ្វើអោយអារម្មណ៍ស្រស់ស្រាយ និងមានក្តីសង្ឃឹម។

៣. កញ្ចុះអង្គុយលេងមិនគិតថ្លៃ
នៅពេលលោកអ្នកជិះទូកចេញពីផែទូកបានបន្តិចហើយ នឹងមកដល់ទីសំចតដែលមានកញ្ចុះសម្រាប់អង្គុយយ៉ាងច្រើន។ កញ្ចុះទាំង​នោះ លោកអ្នកអាច​អង្គុយរយៈពេលប៉ុន្មានម៉ោងក៏បាន និង​មិនគិតថ្លៃតូបឡើយ។ អ្នកទេសចរអាចយកអាហារ ភេសជ្ជៈទៅបរិភោគនៅទីនោះបាន។ នៅទីនោះមានអង្រឹង និងកន្ទេលសម្រាប់ជួលអង្គុយបន្ថែមទៀតផងដែរ។

Picture from: Guidetrip

៤. ដើរមើលដើមកោងកាងតាមស្ពានឈើ
ដើរលើស្ពានឈើ មើលដើមកោងកាង និងកូនកោងកាងតូចៗ ពណ៌បៃតងស្រស់ត្រកាល

Picture from: Guidetrip

៥. ចូលរួមដាំដើមកោងកាងដើម្បីអនាគតកូនចៅជំនាន់ក្រោយ
លោកអ្នកអាចចូលរួមការពារបរិស្ថានធម្មជាតិ តាមរយៈការដាំកូនកោងកាងនៅតាមឆ្នេរ។ កូនកោងកាង ១ ដើមតម្លៃ ២៥០០ រៀលប៉ុណ្ណោះ។

រូបភាពៈ សហគមន៍ទេសចរណ៍ធម្មជាតិត្រពាំងសង្កែ

៦. ប្រជាជន អ្នកលក់ដូរ និងអ្នកបើកទូកគឺមានភាពរុះរាយរាក់ទាក់
ប្រជាជននៅទីនោះ មានភាពរុះរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះ​ភ្ញៀវយ៉ាងកក់ក្តៅ។

៧. មានបន្ទប់សម្រាប់ស្នាក់នៅ ដែលមានតម្លៃចាប់ពី ៧ ដុល្លារ ដល់ ១២ ដុល្លារក្នុង១យប់
សហគមន៍ទេសចរនេះ ក៏មានបន្ទប់គេងសម្រាប់អ្នកទេសចរដែលចង់ស្នាក់នៅ គយគន់ទេសភាពឆ្នេរកោងកាងនាពេលរាត្រីផងដែរ ។

ធ្វើដំណើរកំសាន្តទៅរមនីយដ្ឋានសហគមន៍ទេសចរធម្មជាតិត្រពាំងសង្កែ គឺបានផ្តល់នូវបរិយាកាសរីករាយជាមួយមិត្តភ័ក្ត និងក្រុមគ្រួសារ ក៏ដូចជាបានចូលរួមគាំទ្រសហគមន៍ទេសចរធម្មជាតិ ជួយលើកស្ទួយជីវៈភាពប្រជាជននៅតំបន់នោះ និងបានចូលរួមថែររក្សា បរិស្ថានផងដែរ។

លោកអ្នកអាចទាក់ទងតាមលេខទូរស័ព្ទខាងក្រោមដើម្បី កាម៉ង់ម្អូប កក់ទូក ឬសួរផ្លូវ
១. 0977306506
២. 017306505
Facebook: សហគមន៍នេសាទត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត

អត្ថបទដោយ: ទឹកតែ